ភ្នំពេញ៖ នៅមុននេះបន្តិច ! នាវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានព្រមព្រៀងជាមួយរដ្ឋាភិបាលបារាំងបន្ទាប់ពីត្រូវបានរងការចោទប្រកាន់ថា បានប្រើសក្ដានុពលរបស់ខ្លួនដើម្បីគាបសង្កត់ក្រុមហ៊ុនតូចៗទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ការឯកភាពនេះគឺដើម្បីបញ្ចប់នូវការស៊ើបអង្កេត ហើយក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ២៦៨លាន ដុល្លារសហរដ្ឋអាមេរិក និងបានសន្យាថានឹងធ្វើកំណែទម្រង់របៀបគ្រប់គ្រងផ្សព្វផ្សាយពាណិជ្ជកម្ម ចាប់ផ្ដើមពីត្រីមាសទីមួយឆ្នាំ២០២២ ដោយមានការឃ្លាំមើលពីក្រុមអ្នកគ្រប់គ្រងដាច់ដោយឡែកមួយផ្សេងទៀត។ នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនេះបានទទួលស្គាល់ទាក់ទងទៅនឹងភាពលំអៀងនៅក្នុងរូបមន្តបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម។ទោះបីជាកិច្ចព្រមព្រៀងនេះគឺសម្រាប់តែប្រទេសបារាំងតែមួយ ហើយការផាកពិន័យគឺវាមានចំនួនទឹកលុយតិចតួចសម្រាប់ក្រុមហ៊ុន Google នោះក្ដី ក៏ប៉ុន្តែអ្នកវិភាគគិតថានេះគឺគ្រាន់តែជាជំហានដំបូង ហើយពួកគេសង្ឃឹមថាប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងបើកការស៊ើបអង្កេតទាក់ទងទៅនឹងករណីនេះផងដែរ៕
ដោយ ៖ សិលា