ព័ត៌មានទាន់ហេតុការណ៍៖

កាវីន និងអាង សុជាតា ប៉ះគ្នាលើកដំបូងក្នុងខ្សែភាពយន្តដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែររឿង”តម្លង់៧សន្តាន”

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារផលិតខ្សែភាពយន្តរបស់ផលិតកម្ម Dr Picture  និងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់បានលេចមុខរួមគ្នាក្នុងការថតខ្សែភាពយន្តជាង១០ភាគ ដែលបានដកស្រង់ចេញពីសៀវភៅរឿងព្រេងដ៏មានប្រជាប្រិយរបស់ខ្មែរដែលជារឿងបែបកំប្លែងគឺរឿង”តម្លង់៧សន្តាន”។ ទើបនឹងបញ្ចប់ការថតហើយថ្មីៗខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍CTNក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

  នេះគឺជាស្នាដៃថ្មីដែលគេសង្កេតឃើញថា ក្រុមផលិតករ និងទូរទស្សន៍បានលើកស្ទួយសិល្បៈអក្សរសិល្ប៍ជាតិតាមរយៈស្នាដៃភាពយន្ត។ ក្នុងនេះដែរតួអង្គសំខាន់ៗជាច្រើនរូបបានរួមគ្នាក្នុងការសម្តែងនេះដោយរួមមានទាំងតារាប្រុសស្រីល្បីឈ្មោះជាច្រើនជំនាន់ ហើយតួឯកត្រូវបានប៉ះគ្នាលើកដំបូងក្នុងការសម្តែងខ្សែភាពយន្តនេះ គឺតារាប្រុសស្រស់សង្ហាលោក កាវីន និងតារាសម្តែងស្រីវ័យក្មេងអាង សុជាតា ហៅ ឈូឈូនោះ។ 

  ថ្លែងបញ្ជាក់ប្រាប់នគរវត្តមុនពេលបញ្ចប់ការថតនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ តារាសម្តែង លោក កាវីន បានបញ្ជាក់ថា នេះគឺជាខ្សែភាពយន្តដំបូងដែលទទួលបានឱកាសសម្តែងរួមគ្នាជាមួយកញ្ញាឈូឈូ ប៉ុន្តែហាក់ស៊ីចង្វាក់គ្នាច្រើន ។ លោកថា ក្នុងរឿងថ្មីនេះមានចំណុចពិបាកច្រើន ព្រោះរាល់ការនិយាយគឺមិនត្រូវគ្នាព្រោះតួស្រីស្ថិតក្នុងត្រកូលតម្លង់ ប៉ុន្តែការចេញថតពេលនេះគឺសប្បាយរីករាយខ្លាំងណាស់ ដែលក្រៅពីការជួបសិល្បកររៀមច្បង និងដៃគូថ្មី គឺជាប្រភេទរឿងបុរាណបែបកំប្លែង និងក្រោមទិដ្ឋភាពទេសភាពស្រស់ត្រកាលនៃតំបន់កម្សាន្តធម្មជាតិនៅខេត្តកំពង់ស្ពឺ ដែលលោករំពឹងថាស្នាដៃថ្មីនេះនឹងធ្វើឲ្យទស្សនិកជនសើចសប្បាយរីករាយជាមួយនឹងការខិតខំសម្រិតសម្រាំងផលិតប្រកបដោយគុណភាព។ 

  កញ្ញា អាង សុជាតាបានប្រាប់ថា ខ្សែភាពយន្តដែលបានផលិតប៉ុន្មានថ្ងៃជាប់គ្នានេះ និឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ មុនពេលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍។ កញ្ញាថា នេះជាលើកទី១ហើយដែលនាងបានសម្តែងក្នុងតំណែងតួឯករួមគ្នាជាមួយលោក កាវីន ហើយគាត់ពិតជាមានសមត្ថភាព ទេពកោសល្យ សីលធម៌។ នាងថា ក្នុងសាច់រឿងមានការឈ្លោះប្រកែកគ្នាច្រើន ប៉ុន្តែនាងក៏ទទួលបានបទពិសោធន៍និងអារម្មណ៍ថ្មីព្រោះជារឿងបុរាណបែបកំប្លែង។   ក្រៅពីជំនួបតារាប្រុសស្រស់សង្ហានេះដែរ ក្នុងខ្សែភាពយន្តនេះក៏មានរួមសម្តែងដោយតារាជើងចាស់ លោក ទេព រិនដារ៉ូ លោក លាង ឧត្តម លោក គីម ធៀន កញ្ញា ចាន់ គង្គា លោកគីរី និងលោកលុច្សជាដើម៕ 

                                      

ដោយ ៖ វឌ្ឍនា


ចែករំលែក៖