ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន អញ្ជើញពិនិត្យសកម្មភាពបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅសាលាវិទ្យា ល័យស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១  លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រពន្ធ Online និងការធ្វើតេស្តបែបថ្មី នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អមដំណើរដោយលោកស្រីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ លោកអភិបាលស្រុកស្ទឹងហាវ និងកងកម្លាំងប្រដាប់អាវុធ ។
លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹង ហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ សិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ លោកគ្រូ អ្នកគ្រូចំនួន ៣៨នាក់ ស្រី ១៥នាក់ សិស្សានុសិស្សបានចូលរៀនតាមប្រពន្ធ Goole Meet ៥១៨នាក់ សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សមានដូចជា ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្កឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្ស មកសាលារៀនវិញ ម្យ៉ាងសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ ។ ដោយសារតែបច្ចុប្បន្នមានសិស្សចំនួន ៤៥នាក់ ដែលមិនមានស្មាតហ្វូនប្រើប្រាស់ ។
លោក គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានកោតសរសើរលោកស្រីប្រធានមន្ទីរអប់រំ ពិសេសលោកគ្រូ អ្នកគ្រូសាលាវិទ្យាល័យស្ទឹងហាវ ដែលបានរៀបចំកម្មវិធីបង្រៀន និងរៀនសម្រាប់សិស្សបានល្អ ទោះបីមិនទាន់បានល្អ ១០០ភាគរយក៏ពិតមែន ក៏ប៉ុន្តែជាការជម្រុញលើកទឹកចិត្តអណាព្យាបាលសិស្សឱ្យកូនចៅរបស់ខ្លួនបានចូលរៀនតាមប្រពន្ធអេឡិចត្រូនិចបានច្រើន  ដូច្នេះមន្ទីរត្រូវខិតខំបណ្តុះបណ្តាលគ្រូ I.T នៅតាមសាលាគោលដៅ ដើម្បីពង្រឹងវិស័យអប់រំនៅខេត្តព្រះសីហនុ បង្រៀន និងរៀនតាមប្រព័ន្ធអេឡិច ត្រូនិកដល់សិស្សានុសិស្សរបស់យើង ស្របតាមបរិបទនៃសម័យកូវីដ-១៩ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍របស់យើង ។  ក្នុងឱកាសនោះ លោកអភិបាល ខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី អាណាព្យាបាលសិស្សត្រូវសហការជា មួយសាលា លោកគ្រូ អ្នកគ្រូឱ្យកូន ចៅរបស់យើងបានចូលរៀនតាមប្រពន្ធអេឡិចត្រូនិចកាន់តែទូលំទូលាយ ។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ .អនុវិទ្យាល័យមានចំនួន ១៨ និងសាលាបឋមសិក្សាមានចំនួន ៧២ ។ សិស្សរៀនតាមប្រពន្ធអន ឡាញនាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនន ៦៧.០៩% ។
លោក អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ៣៨នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល សាលាវិទ្យាល័យស្ទឹងហាវ ១លានរៀល លោកគ្រូ IT ម្នាក់ ថវិកា ១លានរៀល សាលាឃុំ៣ ក្នុងមួយសាលាឃុំ ១លានរៀល ៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖