ភ្នំពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទី ដោយយោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់ ស្ថិតនៅផ្ទះលេខ៥៧E២z ផ្លូវលេខ៥១ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីលោក ម៉ុក ច័ន្ទករុណា នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានឲ្យដឹងថា ពេលចុះមកដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ចុងបណ្តឹងបានសង់ទែរ៉ាស់ធ្វើអំពីដែកមានទំហំ ១,២០ម៉ែត្រ គុណនឹង ៣,៣០ម៉ែត្រ និងដំបូងប្រក់ស័ង្កសីជាយ៉ាបមានទំហំ ១,២០ម៉ែត្រ គុណនឹង ៣,៣០ម៉ែត្រ និងផ្នែកខាងមុខផ្ទះរបស់ចុងបណ្តឹងមានសង់ទែរ៉ាស់អំពីដែកមានដាក់ផើងផ្កាដែលអាចបង្កហានិភ័យ ។
ក្នុងប្រតិបត្តិការខាងលេីនេះ ក្រុមការងារបានណែនាំដល់គូភាគីដូចខាងក្រោម៖
១. រដ្ឋបាលខណ្ឌ នឹងអញ្ជើញគូភាគីទៅសម្របសម្រួល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង០០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញ ជាន់ទី៣ បន្ទប់លេខ៩ ។
ក្រោយធ្វើកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង០៩ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ដោយបានអានកំណត់ហេតុជូនគូភាគីស្តាប់ចប់សព្វគ្រប់ ហើយគូភាគីបានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ៕ដោយ៖ស តារា