ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន សុីន យាន បើកបត់ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន ស៊ីន យានបានបើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសពីរនាក់រងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកCB ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GV -4272 បើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតជាអ្នករួមដំណើរ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុត្រង់ស្តុប 24 ម៉ោងស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនជៀន សុីន យានពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A -2804 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ចាសទិសគ្នាពីត្បូងទៅជើង បានបត់ឆ្វេងមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសពីរនាក់ជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូជាប់នៅខាងក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្កហរតុបានយល់ព្រមសងថ្លៃការខូចខាតចំនួន 8០០ ដុល្លារទៅឱ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖