ខេត្តត្បូងឃ្មុំ ៖ តាមប្រភពច្បាស់ការណ៍បានរាយការណ៍ឱ្យដឹងថា រាល់ថ្ងៃនេះឈ្មួញល្បីឈ្មោះ ថៃ គា គឺជាអ្នករកសុីផ្ដាច់មុខនាំធ្យូងពីឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបន្តដឹកយកទៅលក់នៅប្រទេសវៀតណាម ក្រោមការសម្របសម្រួលបើកភ្លើងខៀវពីសមត្ថកិច្ចពាក់ព័ន្ធ តាមច្រកព្រំដែន(ដូនរ័ត្ន) ដែលមាន លោកវរសនីយ៍ត្រី នូ និច ជាមេប៉ុស្តិ៍ ។
តាមប្រភពដែលភ្នាក់ងារយើងទទួលបានគឺនៅក្នុងជំនួញជួញដូរនាំធ្យូងទៅលក់នៅប្រទេសវៀតណាមសព្វថ្ងៃនេះត្រូវបានគេដឹងថា លោកថៃ គា គឺជាអ្នកទទួលម៉ៅការផ្ដាច់មុខពីក្រុមឈ្មួញជាច្រើននាក់ យកលុយរត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាប់ពីឃុំស្វាយជ្រះស្រុកស្នួល រហូតទៅដល់ច្រកព្រំដែន ចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកខាងលើនេះផងដែរ។
មហាជនលើកឡើងថា ការជួញដូរធ្យូងនាំទៅកាន់ប្រទេសវៀតណាមបានគឺដោយមានការគប់គិតបើកដៃពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅស្រុកមេមត់ ពិសេសច្រកដូនរ័ត្ននោះតែម្តង ។
ប្រភពពីសមត្ថកិច្ចបង្ហើបឱ្យដឹងថា រថយន្តដឹកធ្យូងរបស់ឈ្មួញដឹកចេញតាមច្រករបៀងព្រៃស្វាយខាងក្រោយបុស្តិ៍ដូនរដ្ឋមួយថ្ងៃវាល់ល្ងាច មួយយប់ទល់ភ្លឺ។ ជាក់ស្តែង នៅយប់ថ្ងៃទី៦ទី៧និងឈានចូលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១នេះ រថយន្តតូចធំដឹកធ្យូងជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូននាំធ្យូងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងខាងលើនេះ ។
ពាក់ព័ន្ធនឹងករណីឈ្មួញនាំធ្យូងឆ្លងដែនទៅលក់ប្រទេសវៀតណាមនេះដែរ ភ្នាក់ងារយើងបានទំនាក់ទំនងទៅលោកវរសេនីយ៍ត្រី នូ និច នាយប៉ុស្តិ៍ការពារព្រំដែនច្រកដូនរ័ត្ន ដើម្បីសុំការបកស្រាយតាមទូរស័ព្ទ ប៉ុន្តែមិនមានអ្នកទទួលឡើយ ។
បើទោះបីជាលោកវរសេនីយ៍ត្រី នូ និច បានព្យាយាមមិនលើកទូរស័ព្ទយ៉ាងណា ក៏ដោយ ក៏តាមប្រភពពីមជ្ឈដ្ឋានមួយចំនួនក៏ដូចជាសមត្ថកិច្ចនៅក្នុងខេត្តត្បូងឃ្មុំ បានបង្ហើបឱ្យដឹងថា នៅក្នុងជំនួញនាំធ្យូងទៅលក់នៅប្រទេសវៀតណាមដែលអាចចរាចរទៅបាន គឺ ដោយមានការសម្របសម្រួលពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ផ្នែក ពិសេស លោក នូ និច ដែលមានលោក ថៃ គា ជាអ្នករត់ការសុំបើកភ្លើងខៀវ ។
គួរបញ្ជាក់ថា នៅពេលថ្មីៗកន្លងទៅនេះ លោក ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានកោះហៅមេប៉ុស្តិ៍ព្រំដែនទាំងអស់មកធ្វើកិច្ចសន្យាទទួលខុសត្រូវមិនឲ្យមានការនាំឆ្លងដែននូវរាល់បទល្មើសផលអនុផលព្រៃឈើជាដាច់ខាត តែផ្ទុយទៅវិញគេសង្កេតឃើញលោកវរសេនីយ៍ត្រី នូ និច មេប៉ុស្តិ៍ការពារព្រំដែនច្រកដូនរ័ត្ន ហាក់កំពុងផ្គើនទៅនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំដោយបណ្ដោយឲ្យសកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើឆ្លងកាត់យ៉ាងអនាធិបតេយ្យបំផុត៕
ដោយ ៖ វណ្ណៈ