ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឱ្យកោតសរសើរមែន! ក្រុមគ្រូពេទ្យនៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលបានជួយសម្រាលកូនដល់ស្ត្រីម្នាក់ដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺ ទទួលបានជោគជ័យទៀតហើយ!

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពិតជាគួរឱ្យកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួលដែលបានជួយសម្រាលកូនដល់ស្ត្រីម្នាក់ទៀតដែលមានជំងឺកូវីដ-១៩និងកំពុងព្យាបាលជំងឺទទួលបានជោគជ័យដ៏ត្រចះត្រចង់។

   យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួលបានបង្ហោះកាលពីវេលា​ម៉ោង​១០និង៥៥នាទីយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១នេះថា សូម​អបអរសាទរ​អ្នកជំងឺ​វិជ្ជមាន​មេរោគ​កូវីដ-១៩ ឈ្មោះ នង ដារ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ដែល​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​(៣៩​សប្តាហ៍) ហើយ​ឈឺ​ពោះ​សម្រាលកូន​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​យកចិត្ត​ទុកដាក់​ខិតខំ​ប្រឹងប្រែង​ជួយ​សម្រាល​បាន​កូន​ស្រី​ម្នាក់​ប្រកបដោយជោគជ័យ។

ដោយក្រុមគ្រូពេទ្យបានជួយ​សម្រាល​បាន​កូន​ស្រី​ម្នាក់​មានទម្ងន់​២គីឡូ៩៥០ក្រាម​ ខណ:ស្ថាន​ភាព​ក្រោយ​សម្រាល​ ម្តាយ​ និង​កូន​មាន​សុខភាព​ល្អ​ ហើយកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យដោយស្រ្តី​ខាង​លើ​មានទីលំនៅក្នុង ភូមិវាល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

  ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង៣ការពារទាំងអស់គ្នា។

  ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនស្រីបានអរគុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​សាមគ្គី​រំដួល​ដែល​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ ចិត្ត​ និង​ស្មារតី​ជួយ​សង្គ្រោះ​ដល់​រូប​នាងនិងកូន  និងសូមគោរពជូនពរ​ក្រុម​ការងារ​ទាំង​អស់​​មាន​សុខភាព​ល្អ​បរិបូរណ៍​ ជោគ​ជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​ក្ក្នុងការងារ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖