ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបបានដាក់សម្ពាធលើក្រុមហ៊ុន Google ដើម្បីបង្កើនចំនួនកម្មវិធីស្វែងរក (search engine) នៅក្នុងទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានធ្វើការផាកពិន័យក្រុមហ៊ុន Google ចំនួន ៥ពាន់លានដុល្លារទាក់ទងនឹងការដាក់កំណត់ដែលមិនអាចឱ្យអ្នកប្រើប្រាស់ជ្រើសរើសប្រើកម្មវិធីស្វែងរកពីក្រុមហ៊ុនដទៃទៀត ជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ ជាងនេះទៅទៀត Google ក៏បានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទឱ្យបញ្ចូលតែកម្មវិធី Google Chrome និងកម្មវិធីផ្សេងៗទៀតរបស់ក្រុមហ៊ុន Google។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបន្តថា, ក្រោយពីរងការផាកពិន័យ ក្រុមហ៊ុនបានបង្កើតកម្មវិធីដេញថ្លៃ សម្រាប់ក្រុមហ៊ុនដែលមានកម្មវិធីស្វែងរកណាដែលចង់បង្ហាញកម្មវិធីរបស់ពួកគេនៅក្នុងទូរសព្ទ Android។ ក្រុមហ៊ុន Google នឹងជ្រើសរើសយកក្រុមហ៊ុនចំនួនពីរដែលបានដេញថ្លៃខ្ពស់ជាងគេមកដាក់បញ្ចូលជាមួយនឹងកម្មវិធីរបស់ខ្លួន ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបាន។

ការប្រើវិធីដេញថ្លៃនេះបានធ្វើឱ្យក្រុមហ៊ុនដែលពុំមានថវិកាច្រើនមានការពុំពេញចិត្ត និងជាវិធីមួយដែលក្រុមហ៊ុនបង្កើតដើម្បីរកចំណូលបន្ថែម។ ដោយមើលឃើញពីភាពលម្អៀងនេះ សហភាពអឺរ៉ុបបានធ្វើការទាមទារជាថ្មីម្ដងទៀតឱ្យក្រុមហ៊ុនបញ្ចប់ការដេញថ្លៃ និងតម្រូវឱ្យមានចំនួនកម្មវិធីស្វែងរកច្រើនជាងមុនសម្រាប់អ្នកប្រើប្រាស់ជ្រើសរើស។

ដើម្បីចៀសវាងពីការស៊ើបអង្កេត ដែលអាចនឹងរងការផាកពិន័យផងនោះ ក្រុមហ៊ុនបានយល់ព្រមបញ្ឈប់ការដេញថ្លៃ។ ជាងនេះទៅទៀតក្រុមហ៊ុននឹងបង្ហាញកម្មវិធីស្វែងរក ដែលអាចមានចំនួនដល់ទៅ១២ សម្រាប់អ្នកប្រើប្រាស់ជ្រើសរើស ចាប់ផ្ដើមពីថ្ងៃទី ១ខែកញ្ញាចុងឆ្នាំនេះ៕

ដោយ៖ សិលា


ចែករំលែក៖