ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅចុះណែនាំចុងក្រោយឱ្យរុះរើផ្ទះបណ្តែតទឹកនិងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ ដល់ថ្ងៃឱសានវាទនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលទុក រយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ឱ្យអ្នករស់នៅលើផ្ទៃទឹកទន្លេ រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក  ផ្ទះទូកតូចៗ  និងសំណង់មិនរៀបរយដោយខ្លួនឯង  ដែលមកដល់ថ្ងៃនេះមានអ្នកខ្លះអនុវត្តតាម និងអ្នកខ្លះទៀតមិនព្រមអនុវត្តតាម       

   ដោយពិនិត្យឃើញថា អ្នកអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងមានតិច  ហើយអ្នករឹងរូសមានច្រើននោះ ទើបនៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ បានធ្វើដំណើរតាមអូប័រ៤គ្រឿង ចុះទៅណែនាំជាលើកចុងក្រោយឱ្យអ្នករស់នៅលើផ្ទៃទឹកទន្លេរុះរើ ឬចល័តបែចិញ្ចឹមត្រី  ផ្ទះបណ្តែតទឹក  ផ្ទះទូកតូចៗ  និងសំណង់មិនរៀបរយ ដោយខ្លួនឯង បើមិនអនុវត្តតាមទេគណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ ។

    យុទ្ធនាការថ្ងៃចុងក្រោយដោយដាក់កំហិតឱ្យរុះរើចេញគ្មានការយោគ យល់នេះ  កម្លាំងចម្រុះបានអនុវត្តចាប់ពីសង្កាត់ព្រែកប្រា  សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដោយឱ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី  ផ្ទះបណ្តែតទឹក  ផ្ទះទូកតូចៗចេញឱ្យអស់  បើមិនព្រមរុះរើដោយខ្លួនឯងទេ នៅថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរនិឹងចាត់វិធានការរដ្ឋបាលទ្រង់ទ្រាយធំដោយមិនអូសបន្លាយតទៅទៀតឡើយ ។

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសារថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

    នៅចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។ 

   ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕

ដោយ៖ សណ្តោស


ចែករំលែក៖