ភ្នំពេញ ៖ ព្រោះតែមានការនិយាយឌឺដងដៀមដាមដាក់គ្នា មេីលមុខគ្នាមិនត្រង់ ទេីបក្មេងទំនេីងប្រុសស្រីពីរក្រុមដែលបានចូលអង្គុយផឹកសុីនៅហាង ផាំ ឃីន PK ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានបង្កហិង្សាវាយតប់គ្នាធ្វើឱ្យផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍នាំខ្លួនភាគីទាំងសងខាងទៅកាន់ប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ ដេីម្បីសួរនាំកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុមានយុវជនប្រុសស្រីស្ទាវៗពីរក្រុមបានចូលមកផឹកសុីក្នុងហាង ផាំ ឃីន PK កោះពេជ្រ នៅតុក្បែរគ្នា ហើយពេលផឹកសុីនោះក៏មានការនិយាយឌឺដង ដៀមដាមដាក់គ្នាផងដែរ ធ្វេីឲ្យពួកគេមានកំហឹងក៏បង្កឱ្យមានអំពេីហិង្សាវាយតប់គ្នាមួយប្រាវផ្អេីលដល់កងសន្តិសុខ និងសមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ ។ ក្នុងករណីហិង្សាខាងលេីនេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណៈសមត្ថកិច្ចមូលដ្ឋានបានឃាត់ភាគីម្ខាងបានម្នាក់ និងភាគីម្ខាងទៀតមានគ្នា៤-៥នាក់ដែលតាំងខ្លួនជាអ្នករងគ្រោះ យកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីសួរនាំ ។
ជាចុងក្រោយ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានត្រឹមតែធ្វេីការអប់រំណែនាំដល់ពួកគេទាំងសងខាង និងធ្វេីកិច្ចសន្យាកុំឲ្យកេីតមានជម្លោះបែបនេះទៀត រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕
ដោយ ៖ ភារ៉ា ដង្កោ