ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយដោយលោក ពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

លោក ចៅ សួស្តី អ្នកគ្រប់គ្រងកសិដ្ឋានបានជម្រាបជូនលោករដ្ឋមន្រ្តីថាកសិដ្ឋានចិញ្ចឹមត្រី ទីឡាព្យា Cambodia Fresh Farm បានបង្កើតនៅឆ្នាំ២០១៧ លើផ្ទៃដីសរុប ៤,៥ហត មាន ២១ស្រះ។ បច្ចុប្បន្នមានបុគ្គលិកបម្រើការងារពេញម៉ោងនៅក្នុងកសិដ្ឋានចំនួន ០៤នាក់ ក្នុងនោះមានបុក្គលិកជំនាញម្នាក់ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រៅពីនោះពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីទីឡាព្យាសាច់ បង្កាត់កូនត្រីពូជ ពិនិត្យគុណភាពទឹក និងរៀបចំស្រះពីមជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង)។ មិនតែប៉ុណ្ណោះ Cambodia Fresh Farm បានប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដើម្បីលើកកម្ពស់គុណភាពត្រីមានដូចជា ម៉ាស៊ីនលាយទឹកសម្លាប់មេរោគដោយស្វ័យប្រវត្តិ។ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ផងដែរនោះ ធ្វើឲ្យកសិដ្ឋានសម្រេចចិត្តដាក់ ទុនវិនិយោគសាងសង់រោងសិប្បកម្មកែច្នៃផលត្រីសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារទំនើប AEON ភោជនីយដ្ឋាន សណ្ឋាគារផ្សេងៗទៀត ហើយអនាគតគ្រោងនឹងសហការជាមួយអង្គការទស្សនពិភពលោក (World Vision) ក្នុងភាពជាដៃគូភ្ជាប់ជាមួយកសិករចិញ្ចឹមផ្គត់ផ្គង់ឲ្យខ្សែច្រវាក់កែច្នៃ។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កសិដ្ឋានប្រកាន់យករបរចិញ្ចឹមត្រីទីឡាព្យា ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានត្រូវបន្តរក្សា ខិតខំពង្រឹង និងពង្រីកផលិតកម្មចិញ្ចឹមត្រីបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ស្វែងរកដៃគូផលិត ភ្ជាប់បណ្តាញទីផ្សារ សម្រាប់ការផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃ ហើយត្រូវបង្កើនការកែច្នៃផលត្រីស្រស់ សម្រាប់ទីផ្សារក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម និងបង្កើតការងារ។ ករណីនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផលជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារជប៉ុនាពេលអនាគត៕

ដោយ៖ សិលា


ចែករំលែក៖