សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៩ខែមិថុនា បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក ដែលបានឱ្យដឹងថា ប្រធានាធិបតីបៃឌិន បានសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៥០០លានដូសផលិតដោយក្រុមហ៊ុន Pfizer ដល់១០០ប្រទេសជុំវិញពិភពលោក ។
នៅក្នុងចំណោមវ៉ាក់សាំង៥០០លានដូសដែលអាមេរិកនឹងចែកចាយដល់ពិភពលោក ក្នុងនោះមាន២០០លានដូសនឹងចែកចាយនៅក្នុងឆ្នាំ២០២១ហើយ៣០០លានដូសទៀតនឹងចែកចាយដល់ ៩២ប្រទេសដែលមានចំណូលទាបនៅក្នុងឆ្នាំ២០២២ ។
ការផ្តល់ជំនួយរបស់អាមេរិក ធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលជាកម្មវិធីចែកចាយសម្រាប់ប្រទេសមានចំណូលទាប និងមធ្យម។ សេតវិមាននឹងប្រកាសគម្រោងចែកចាយវ៉ាក់សាំងនៅថ្ងៃទី១០ខែមិថុនា(ពេលវេលាអាមេរិក)។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែលប្រធានាធិបតីអាមេរិកលោកបៃឌិន ចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំG7។
ការចែកចាយវ៉ាក់សាំងរបស់អាមេរិកធ្វើឡើងក្រោយពេលដែលរងគំនាបយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខណៈដែលប្រទេសជាច្រើនខ្វះវ៉ាក់សាំង តែអាមេរិកវិញសល់វ៉ាក់សាំងរាប់រយលានដូស ។
កាលពីសប្តាហ៍កន្លងមក សេតវិមានបានប្រកាសចែកចាយវ៉ាក់សាំង២៥លានដូស ក្នុងនោះមាន ១៩លានដូសផ្តល់ជូនCOVAX សម្រាប់ចែកចាយ និង៦លានដូសផ្តល់ជូនតំបន់ដែលមានករណីឆ្លងកូវីដ-១៩ច្រើន មានឥណ្ឌាជាដើម៕
ដោយ៖ធីរីណា(រូបភាព៖AP)