ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ​ចុះណែនាំចុងក្រោយឲ្យរុះរើផ្ទះបណ្តែតទឹកនិងចល័តបែចិញ្ចឹមត្រីដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះអាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងក្រុមការងារចម្រុះខណ្ឌមានជ័យ បានចុះទៅរុះរើផ្ទះទូកតូចៗ ផ្ទះបណ្ដែតទឹក(ផ្ទះទឹក) សំណង់មិនរៀបរយ បែចិញ្ចឹមត្រីនៅតាមដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមបន្ទាប់ពីបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទន្លេក្នុងមូលដ្ឋានឱ្យបានត្រៀមលក្ខណៈ និងជ្រាបពីព័ត៌មាននេះរួចមក។

  គួររំលឹកថា កាលពីថ្ងៃទី០២ ខែមិថុនា អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល១សប្ដាហ៍ ដោយហេតុប៉ះពាល់ដល់បរិស្ថាន និងផ្លូវនាវាចរ។

  យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌមាន័យ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានខ្លឹមសារថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

    ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។ 

   ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖