ខេត្តស្ទឹងត្រែង៖ ដើម្បីចូលរួមចំណែក ដោះស្រាយនូវ សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល លើក្រុមគ្រួសារ កសិករនីមួយៗ នៅក្នុងខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ចែកពូជដំណាំ សាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ដល់ប្រជាពលរដ្ឋ នៅតាមបណ្ដាឃុំ ស្រុក ក្រុង ប្រមាណជា ២ ពាន់គ្រួសារ។ ជាមួយគ្នានេះ ក្នុងពិធីចែកពូជដំណាំកសិកម្មនេះ មន្ត្រីជំនាញ បានធ្វើការណែនាំ ពីវិធីបច្ចេកទេស បង្ហាញជូន ដល់បងប្អូនកសិករ ដើម្បីឱ្យយកពូជទាំងនេះ ទៅដាំដុះ បានទិន្នផលខ្ពស់។
នៅក្នុងពិធីនេះដែរ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា ដើមរដូវវស្សានេះ គឺជាឱកាសសម្រាប់បង្កបង្កើនផល របស់កសិករទូទាំងខេត្ត។ បន្ថែមពីនេះ លោកសុំឲ្យកសិករទាំងអស់ រួសរាន់ខិតខំដាំដំណាំ ក្រោយពីបានពូជពី មន្ទីរកសិកម្ម បានផ្ដល់ជូន។
មិនតែប៉ុណ្ណោះ លោក ម៉ុម សារឿន បានផ្ដាំផ្ញើជំរុញ ដល់កសិករដាំដំណាំ ឲ្យទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វ, ត្រីកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ លក់ទៅកាន់ទីផ្សារ។
ដោយឡែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ទុំ នីរ៉ូ ក៏បានឱ្យដឹងដែរថា ពូជដំណាំ ដែលចែកជូន ដល់សមាជិក បណ្តុំអាជីវកម្មនោះ រួមមាន ស្រូវ, ក្រូចពោធិ៍សាត់, ចន្ទី និង ឫស្សីផ្អែម រួមទាំងសម្ភារៈ មួយចំនួនទៀត។ ពូជទាំងអស់ ដែលមន្ទីរកសិកម្ម ចែកជូនប្រជាពលរដ្ឋ នេះគឺជាពូជថ្មី ដែលធន់នឹងអាកាសធាតុ ធន់នឹងជំងឺ ថែមទាំងផ្ដល់ទិន្នផលច្រើន។
គួរបញ្ជាក់ថា បេីយោងតាមរបាយការណ៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថា ផលិតផល សម្រេចបាន កន្លងមកនេះ បណ្ដុំអាជីវកម្មទូទាំងខេត្ត សរុប ១២៧ ស្មើជាង ៥ ពាន់គ្រួសារ។ បណ្ដុំអាជីវកម្មទាំងនោះ មានដូចជា បណ្ដុំអាជីវកម្មកៅស៊ូ, ស្វាយចន្ទី, ស្រូវ, ដំឡូងមី, ស្វាយកែវរមៀត, ចិញ្ចឹមមាន់, ជ្រូក, គោ, ឫស្សីផ្អែម, ម្នាស់, ក្រូចពោធិ៍សាត់, ត្រី , បន្លែ និងច្បារពូជ ជាដើម៕
ដោយ៖សហការី