ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងមានការបារម្ភខណៈក្នុងខេត្ត​នេះស្ថានភាពជំងឺកូវីដ-១៩នៅតែបន្តរកឃើញមិនស្រាកស្រាន្តក្នុងសហគមន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងថាលោកមានការព្រួយបារម្ភជាខ្លាំងដោយក្នុងខេត្ត​ស្វាយរៀងស្ថានភាពជំងឺកូវីដ-១៩ នៅតែមានការចម្លងចូលក្នុងសហគមន៍បន្ទាប់ពី កម្មករ កម្មការិនីរោងចក្រធ្វើតេស្តមានវិជ្ជមាន​មេរោគ​កូវីដ-១៩  ។

  លោកបានបន្ថែមថា ជំងឺកូវីដ-១៩ នៅសហគមន៍ និងរោងចក្រសហគ្រាស មិនទាន់បានថមថយនៅឡើយទេដោយសារមានកត្តា៤យ៉ាងគឺ៖

  ទី១​-ក្រុមកម្មករមិនព្រម​យក​សំណាក​នៅតាម​រោងចក្រ​ និង​មិន​ព្រម​ធ្វេីចត្តាឡីស័ក​នៅ​ក្នុង​រោងចក្រ គាត់​ទៅផ្ទះ​ចម្លង​ជំងឺកូវីដ-១៩ចូលក្នុង​សហគមន៍ ។

  ទី២-គម្លាតក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករទៅបម្រើការងាររោងចក្រសហគ្រាស មានការប្រមូលផ្ដុំជិះរថយន្តរួមគ្នាច្រើន​ ។

  ទី​៣​-ពលករដែលធ្វើចំណាកស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃភាគច្រើនមានជំងឺ​កូវីដ​-១៩​ មក​ជាមួយ​ ។

ទី​៤​-ការ​មិន​គោរព​តាម​វិធានការ​ណែនាំរបស់ក្រសួងសុខាភិបាល​ និង​វិធានការ​ ៣កុំ​ ៣ការពារ​ របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​​ ផងដែរ។

លោកបានបន្ថែមថា ឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្ត​ស្វាយរៀងក្នុងពេលបច្ចុប្បន្នបាននិងកំពុងតែ​ចម្លង​ចូលក្នុង​សហគមន៍និងរោងចក្រ​មួយ​ចំនួន ខណៈដែលអ្នកជំងឺមានជាង៤០០នាក់​កំពុងតែ​សម្រាក​ព្យាបាល​ ។​

លោកវេជ្ជបណ្ឌិតកែរ រដ្ឋាបានបញ្ជាក់ទៀតថា នៅក្នុងព្រឹតិ្តការណ៍សហគមន៍ ២០កុម្ភៈ ខេត្ត​ស្វាយរៀងមានប្រជាពលរដ្ឋខ្មែរ​ និងជនបរទេស​គិតត្រឹមថ្ងៃទី៨​ ខែមិថុនាឆ្នាំ២០២១បានឆ្លងជំងឺកូវីដ-១៩ មានចំនួន១.១៧៤​នាក់​  ស្រី​ចំនួន ៦៧៦នាក់​ ស្លាប់ចំនួន៧នាក់ និងមានការព្យាបាលជាសះស្បើយចំនួន៧៣៦​នាក់​  ស្រី៤១០នាក់ ហើយកំពុងធ្វើការព្យាបាលចំនួន៤៣០នាក់​ ស្រី ២៦៤នាក់​ ។

លោកបានបន្ថែមថា បើបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។

  ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

  សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖