ភ្នំពេញ៖ ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះ Amphawa floating market បានប្រែក្លាយទៅជា ទីក្រុងខ្មោចអស់ជាងមួយឆ្នាំមកហើយ ដោយសារតែជំងឺរាលត្បាតកូវីដ-១៩ បង្ខាំងការដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស។ នេះបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
សារព័ត៌មានថៃ The Nation បាននិយាយបន្ថែមថា ទីផ្សារដ៏ស្រស់ស្អាត ដោយសារតែជំងឺកូវីដ-១៩ ប្រែក្លាយផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃ ដែលធ្លាប់តែអ៊ូរអររកផ្លូវដើរមិនចង់បាន មកជាស្ងាត់ជ្រងំរកតែមនុស្សម្នាក់គ្មាន។
ប៉ុន្តែផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះ Amphawa floating market ដែលស្ថិតនៅក្នុងខេត្ត Samut Songkram នៅតែបន្តបើកដំណើរការជាធម្មតា ដោយមានទូកដឹកអ្នកដំណើរជិះកម្សាន្ត ចតនៅច្រាំងទន្លេ Mae Klong អង្គុយចាំដើម្បីដឹកភ្ញៀវ ប៉ុន្តែវាមានសភាពស្ងាត់ជ្រងំ មិនមានវត្តមានភ្ញៀងច្រើនអ៊ូរអរដូចគ្រាមុនឡើយ។
គួរបញ្ជាក់ថា ផ្សារអណ្តែតទឹកដ៏ល្បីមួយនេះ ធ្លាប់តែអ៊ូរអរ មានភ្ញៀវទេសចរណែនណាន់តាន់តាប់ ពេលនេះកំពុងរង់ចាំការវិលត្រឡប់របស់ក្រុមអ្នកទេសចរ ដែលធ្លាប់បានប្រមូលផ្តុំគ្នានៅតាមដងទន្លេទាំងសងខាង ដើម្បីស្វែងរកអាហារឆ្ងាញ់ៗ ផលិតផលផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ដែលភ្ញៀវទាំងនោះចូលចិត្ត៕
ដោយ៖សហការី(ប្រភព៖ Thailand Amphawa Floating Market, Samut Songkhram)