ភ្នំពេញ៖ បេីយោងតាមផេកផ្លូវការហ្វេសប៊ុករបស់ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញនូវរូបភាព ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។
គួរជម្រាបថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិត ជូនជនរួមជាតិពីដំណឹងដ៏រីករាយ នៃជោគជ័យលើកដំបូង លើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសឱ្យដំណើរការការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ។ បន្ថែមពីនេះ សម្ដេចតេជោ ថ្លែងថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបន្តថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។
លេីសពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ដោយ៖សហការី
ប្រភពពី៖ហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល