ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុករមាសហែកចុះសួរសុខទុក្ខដល់បងប្អូនដែលជាពលករចំណាកស្រុកដែលកំពុងធ្វើចត្តាឡីស័កនៅឃុំមុខដានិងប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃចំនួន២២វត្ត ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែកនិងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនដែលជាពលករចំណាកស្រុកមកពីក្រៅប្រទេសនឹងបានឧបត្ថម្ភសម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងការរីករាលដាលជម្ងឺកូវីដ-១៩ដល់កងកម្លាំង ក្រុមគ្រូពេទ្យ យាមនៅមណ្ឌលចត្តាឡីស័កកម្រិត២ឃុំមុខដាស្ថិត ក្នុងឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានស្នើ​ដល់​អាជ្ញាធរឃុំមុខដា ក៏ដូចជាមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះ​បងប្អូនពលករដែលចំណាកស្រុកមកពីក្រៅប្រទេស ក៏ដូចជាបងប្អូនកម្មករកម្មការិនី កំពុងធ្វើចត្តាឡីស័ក ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានសំណូមពរដល់បងប្អូនពលករដែលចំណាកស្រុកមកពីក្រៅប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក នាពេលនេះ ចូលរួម​ការ​ប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ ឱ្យជាប់ជានិច្ចតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាលផងដែរ។

លោកអភិបាលស្រុក ក៏បានឧបត្ថម្ភសម្ភារប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩និងសម្ភារកីឡារួមមាន៖ អាល់កុលចំនួន៣០លីត្រ ,ម៉ាស់ចំនួន២០ប្រអប់, ប្រដាប់វាស់កម្តៅចំនួន១, ឃីតចំនួន១៥ឃីត, បាល់ទះចំនួន១បាល់,ប៉េងប៉ុងចំនួន៣គ្រាប់  ។

ក្នុងថ្ងៃដដែលនេះផងដែរលោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកនិង លោក អុក ហាន អនុប្រធានគណបក្សប្រជាជនស្រុកក៏បានប្រគេនទេយ្យទានទានវត្ថុគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃចំនួន២២វត្តមានដូចជាក្នុងឃុំត្រស់ ឃុំអំពិល ឃុំគគីរ ឃុំអណ្ដូងត្របែក ឃុំសំបួរ ឃុំក្រសាំង ឃុំសម្បត្តិមានជ័យនិងឃុំជ្រៃធំ ក្នុងស្រុករមាសហែកដោយក្នុងមួយវត្តៗទទួលបានរួមមាន៖

អង្ករ៥០គីឡូក្រាម, អាល់កុល៥០លីត្រ, ម៉ាស់១ដុំនិងឧបត្ថមដល់តាជីយាយជី សរុបថវិការទាំងអស់៩៥ម៉ឺនរៀល និងបានចូលរួមបុណ្យសពលោក ប្រាក់ ស៊ុត ប្រធានស្នាក់ការគណបក្សប្រជាជនឃុំដូងនូវថវិកាចំនួន៤៣ម៉ឺនរៀលផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖