ភ្នំពេញ-បាត់ដំបង៖ បុរសម្នាក់បានយកកាំបិតកាប់និងយកកៅអីវាយសម្លាប់ប្រពន្ធ រួចដឹកសពយកទៅប្លុងចោលនៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួនទៅដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។ ហេតុការណ៍សម្លាប់ប្រពន្ធខ្លួនឯងនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២១នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា ប្រតិបត្តិការនេះបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ជនសង្ស័យមានឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចផ្ទះសំណាក់ នីឡា ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានបញ្ជាក់ថា ជនសង្ស័យត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីឃាតកម្មមួយបានកើតឡើងដោយបុរសជាប្ដីបានយកកាំបិតកាប់និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលិសទៅបោះចោល។
លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រជាជនបានប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹកនៅក្នុងវ៉ាលិសត្រង់ចំណុចមាត់ទន្លេក្រោយវិហារអ៊ិស្លាម ក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយពីព្រះវិហារ ប្រហែល២០០ម៉ែត្រ។
បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបានបញ្ជាឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការឃាត់ជនសង្ស័យបាននៅចំណុចផ្ទះសំណាក់ នីឡា ក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
ដោយ ៖ វិសាល