ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចុះសួរសុខទុក្ខ លោកស្រី​ ហម អ៉ីម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានអញ្ជើញសួរសុខទុក្ខ លោកស្រី​ ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានជួបសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនេះ លោកស្រី​កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ចាម ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩​ បាននឹងកំពុងឆ្លងរីករាលដាលនៅលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរនោះ លោកស្រី​កិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់សមាគមន៍នារីខេត្ត ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

លោកស្រី​ ក៏បានផ្តាំផ្ញើរដល់នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។

ជាមួយគ្នានេះ​ លោកស្រី​ ក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន៖ ម៉ាស់ ៧.៥០០ម៉ាស់ ជែល ១៤៤ដប និងថវិកា ៣លានរៀល៕ដោយ​៖សហការី​


ចែករំលែក៖