ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចការពារព្រំដែនថៃបាន ចាប់ឃុំជនជាតិថៃប្រុស-ស្រី ចំនួន១៨នាក់ ខណៈកំពុងលួចឆ្លងចេញពីប្រទេសថៃ ចូលកម្ពុជា នៅបរិវេណព្រំដែនស្រុកគោកឃ្យូង ខេត្តស្រះកែវ។សមត្ថកិច្ចថៃឈរជើងតាមបន្ទាត់ព្រំដែនរាយការណ៍ថា នៅវេលាម៉ោង៣និង២៥នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី១២ មិថុនា ២០២១ មេបញ្ជាការកងកម្លាំងបូរផា បានបញ្ជាឲ្យកងកម្លាំងការពារព្រំដែនថៃ ត្រូវធ្វើការរឹតបន្តឹងឲ្យបានតឹងរឹងបំផុត។ រហូតដល់យប់កណ្ដាលអធ្រាត្រកន្លងមក សមត្ថកិច្ចទាហានស្រុកតាព្រះយ៉ា កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍ថាមានជនជាតិខ្លួន(ថៃ)លួចចេញពីប្រទេសដោយខុសច្បាប់ ទើបសមត្ថកិច្ចដាក់កម្លាំង ដោយសហការជាមួយកងរយទី៤ នគរបាលល្បាតព្រំដែនទី១២ បញ្ជូនកម្លាំងតាមឃ្លាំមើលនៅក្នុងភូមិសាស្រ្តភូមិណង យ៉ាកែវ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ រហូតជួបប្រទះក្រុមមនុស្សគួរឲ្យសង្ស័យចំនួន១៨នាក់ក្នុងនោះប្រុស១២នាក់ និងស្រី៦នាក់ ខណៈកំពុងឆ្លងដែនចូលទៅខាងប្រទេសកម្ពុជា។ ពេលនោះសមត្ថកិច្ចថៃបង្ហាញខ្លួនក្រុមជនសង្ស័យនិងចាប់នាំយកមកសួរចម្លើយនៅទីបញ្ជាការកងរយទី៤។
សមត្ថកិច្ចបន្តថា ជនជាតិថៃទាំង១៨នាក់ខាងលើ ទទួលសារភាពថា ពួកគេចង់ឆ្លងទៅធ្វើការនៅកាស៊ីណូក្រុងប៉ោយប៉ែត ប្រទេសកម្ពុជាពិតមែន ។ ក្រោយពីសមត្ថកិច្ចសួរចម្លើយជនជាតិថៃ ទាំងអស់ឆ្លើយថាបាននាំគ្នាធ្វើដំណើរមកពីច្រើនខេត្តរបស់ប្រទេសថៃ ចង់ទៅធ្វើជាបុគ្គលឹកកាស៊ីណូអនឡាញ នៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដោយបានទាក់ទងតាមFacebook ដែលប្រកាសស្វែងរកការងារ ថែមទាំងឃើញថា កូវីដ-១៩ ផ្ដើមធូរស្រាលហើយនៅប្រទេសកម្ពុជា ។ ដោយយល់ថាអាចរកចំណូលបានយ៉ាងល្អនោះទើបពួកគេទៅរកការងារធ្វើ។ ក្រោយពីសួរនាំរួចទើបសមត្ថកិច្ចធ្វើកំណត់ហេតុចាប់ឃុំខ្លួននិងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត រួមទាំងអនុវត្តតាមវិធានរបស់សុខាភិបាលដើម្បីធ្វើតេស្តរកមេរោគ covid-19ផងដែរ៕
ដោយ ៖ វណ្ណា