ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានព្រមានយ៉ាងធ្ងន់ៗដល់អង្គការណាតូ មិនត្រូវដាក់បញ្ជូលប្រទេសអ៊ុយក្រែនជាសមាជិករបស់ណាតូឡើយ។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗជាមួយបណ្តាញទូរទស្សន៍ Russia 24 ប្រធានាធិបតីពូទីន បានព្រមានចំៗថា ប្រសិនបើណាតូ ដាក់បញ្ជូលអ៊ុយក្រែនជាសមាជិក គឺជាការប្រឈមមុខយ៉ាងធំធេង ជាមួយរុស្ស៊ីនៅតាមព្រំដែន។ បើមិនដូច្នោះទេរុស្ស៊ីនឹងមានសិទ្ធិធ្វើសកម្មភាពដើម្បីទប់ស្កាត់ការដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកណាតូ។
តាមការលើកឡើងរបស់អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយលោក Rostislav Ishchenko បានឱ្យដឹងថា កន្លងមកលោកពូទីនបានព្រមានដល់ប្រទេសអ៊ុយក្រែនដែលចង់ចូលជាសមាជិកណាតូ ប៉ុន្តែនៅពេលនេះលោកពូទីន បានព្រមានក្រហម ដល់អង្គការណាតូមិនត្រូវដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកឡើយ។
លោក Rostislav Ishchenko បានលើកឡើងថា «ប្រធានាធិបតីពូទីនបានបញ្ជាក់យ៉ាងច្បាស់ថា ការដាក់អ៊ុយក្រែនចូលជាសមាជិកណាតូ គឺជាការឆ្លងផុតបន្ទាត់ក្រហម»។ លោកពូទីនបានលើកឡើងថា លោកមិនជួបប្រធានាធិបតីអ៊ុយក្រែន ដោយសារតែមិនមានអ្វីដែលត្រូវនិយាយឡើយ។
លោកពូទីនបានឆ្លើយសំណួរអ្នកសារព័ត៌មានដែលចោទសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើអ៊ុយក្រែនចូលជាសមាជិករបស់ណាតូ ? លោកពូទីនបានបញ្ជាក់ថា ជាការណ៍ពិតបើអ៊ុយក្រែនចូលជាសមាជិកណាតូ នឹងមានសង្គ្រាមកើតឡើង៕
ដោយ៖ធីរីណា(រូបភាព៖ TTXVN)