ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅកោះតៃវ៉ាន់កើនឡើង ចំណែកអ្នកឆ្លងនៅឥណ្ឌាធ្លាក់ចុះក្រោម១សែននាក់ ៦ថ្ងៃជាប់គ្នា

ចែករំលែក៖

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing Wen បានសុំទោសដល់ពលរដ្ឋ ពិសេសគឺអ្នកដែលរងផលប៉ះពាល់ផ្ទាល់ដោយកូវីដ-១៩ នាពេលកន្លងមក។
លោកស្រី Tsai Ing Wen បានបញ្ជាក់ថា «ក្នុងនាមជាប្រមុខដឹកនាំ ខ្ញុំសូមចែករំលែកទុក្ខ និងសុំទោសដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ សកម្មភាពខាងលើរបស់មេដឹកនាំកោះតៃវ៉ាន់ កើតឡើងក្រោយពេល គណៈកម្មការទប់ស្កាត់កូវីដ-១៩ កោះតៃវ៉ាន់បានឱ្យដឹងថា ក្នុងថ្ងៃទី១២ខែមិថុនា មានមនុស្ស២៥០នាក់ឆ្លងកូវីដ-១៩ថ្មី និងស្លាប់២៦នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប១២.៧៤៦នាក់ និងស្លាប់៤១១នាក់។
ដោយឡែកនៅក្នុងប្រទេសឥណ្ឌាវិញចំនួនអ្នកឆ្លងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ ជារឿងមួយដ៏ល្អបំផុតសម្រាប់ប្រទេសឥណ្ឌា ។ ក្នុងរយៈពេល ៦ថ្ងៃជាប់គ្នាឥណ្ឌាមានអ្នកឆ្លងក្រោម១សែននាក់ ។ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៨៤,៣៣២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ២៩,៣៥៩,១៥៥នាក់។
នេះគឺជាថ្ងៃទី៦ជាប់ៗគ្នាហើយដែលប្រទេសឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណីក្នុងរយៈពេលជាង ២ខែមកនេះ។ ប៉ុន្តែចំនួនអ្នកស្លាប់ ប្រចាំថ្ងៃនៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានការរាយការណ៍ពីអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 ចំនួន ៤,០០២នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៣៦៧,០៨១នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៧,៩១១,៣៨៤នាក់បានជាសះស្បើយ៕

ដោយ៖ធីរីណា(រូបភាព៖ TTXVN)


ចែករំលែក៖