ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនចុះពីលេីស្ពានអាកាសស្ទឹងមានជ័យ ហេីយជ្រុលចង្កូតទៅបុកខឿនផ្លូវបណ្ដាលឱ្យដួលបែកក្បាលហូរឈាមពេញខ្លួន តែគាត់មិនព្រមទៅមន្ទីរពេទ្យឡើយ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីនេះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1U-0128 នៅលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿននិងសង្ស័យថាស្រវឹងស្រាផង ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកខឿនផ្លូវបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកក្បាល។ ភ្លាមៗនោះដែរក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនជាច្រើនគ្រឿងបានមកដឹកជនរងគ្រោះទៅព្យាបាលមុខរបួស តែពេលនោះជនរងគ្រោះបានប្រកែកមិនព្រមទៅទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានត្រួតពិនិត្យទៅឃើញថាមិនមានខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏បានទំនាក់ទំនងទៅក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះ ឲ្យមកទទួលយកជនរងគ្រោះទៅព្យាបាលនិងជួសជុលម៉ូតូដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ