ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៨នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាននោះ គឺទី១-ឈ្មោះ ផល ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ម្ចាស់ថ្នាំញៀន) មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ សុផល សក្កដា ភេទប្រុសអាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់
-ទូរស័ព្ទ២គ្រឿង ម៉ាក NOKIA អិនចុចពិល ពណ៌ខៀវ និងពណ៌ខ្មៅ
-ម៉ូតូ០១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ឡើងតែម២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AB-3777។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចេញល្បាតដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់កំពុងតែជិះម៉ូតូកម្លាំងយើងក៏ឃាត់សួរនាំនិងឆែករកឃើញថ្នាំញៀនចំនួន១០កញ្ចប់នៅនឹងខ្លួនឈ្មោះ ផល ម៉ៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ផល ម៉ៅ បានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំចំពុះក្អែក ក្នុងតម្លៃ ៦០,០០០រៀល ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស សម