ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខណៈពួកគេបានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអ្នកជំងឺអស់ជិត១០គ្រឿង និង លុយជាង១លានរៀល។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ។
ប្រភពពីក្រុមគ្រូពេទ្យបានឱ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ មានករណីមនុស្សប្រុសស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ-១៩អស់ជិត១០គ្រឿង និងលុយជាង១លានរៀល ហើយត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំង២នាក់ រួចយកទៅធ្វើតេស្តបញ្ជាក់ថាពួកគេទាំង២នាក់គឺ «អវិជ្ជមានកូវីដ-១៩» និងបានបញ្ជូនឱ្យកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើចត្តាឡីស័ក មុននឹងចាត់វិធានការតាមផ្លូវច្បាប់បន្ត៕
ដោយ ៖ ចន្ទ លីហ្សា