ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនដៃដល់ ដែលសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ រួចកាត់ដៃជើងច្រកក្នុងវ៉ាលិសយកទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ ហេីយត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមស្រាវជ្រាវចាប់ឃាត់ខ្លួនបាននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជនសង្ស័យឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះជាប្រពន្ធឈ្មោះ គង់ វុទ្ធី អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គួររម្លឹកថា បេីយោងតាមរបាយការណ៍របស់ លោកវរសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ាន ហួរ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាកន្លែងដែលរូបគេកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធរួច។
ក្នុងប្រតិបត្តិការនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ករណីឃាតកម្មសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ រួចកាត់ដៃជើងច្រកក្នុងវ៉ាលិសយកទៅប្លុងចោលនៅខេត្តត្បូងឃ្មុំ ត្រូវបានកូនជនរងគ្រោះបានបង្ហោះនៅលេីបណ្ដាញសង្គម Facebook ថា៖ រូបគាត់បាត់ឪពុកម្ដាយ ជាមួយរថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-1701 ដើម្បីឲ្យមហាជនជួយស្វែងរក។
ក្រោយពីមានការបង្ហោះនេះដែរ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការស្រាវជ្រាវរហូតដឹងការពិត នៃការបាត់ខ្លួនឪពុកម្ដាយនេះ គឺជាករណីឃាតកម្មទៅវិញ ដោយសារឪពុករបស់ខ្លួន ជាឃាតកសម្លាប់ម្ដាយរបស់ខ្លួនទៅវិញ។
បច្ចុប្បន្នជនដៃដល់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី