ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេស, អូទ្រីស និងហុល្លង់ទទួលបានជ័យជម្នះដំណាលគ្នាក្នុងព្រឹត្តិការណ៍យូរ៉ូវគ្គជម្រុះតាមពូល

ចែករំលែក៖

ក្រុមតោកំណាចអង់គ្លេស, ក្រុមអូទ្រីស និងក្រុមមច្ចុរាជទឹកក្រូចហុល្លង់បានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះតាមពូលC និងពូលD ក្នុងការដណ្តើមបាន៣ពិន្ទុពីគូប្រកួត។

នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport និង Soccerway នៅព្រឹកថ្ងៃទី១៤ មិថុនានេះ។

ក្រុមអង់គ្លេសបានយកឈ្នះក្រុមក្រូអាត១ទល់០ទាំងលំបាក ក្នុងការប្រកួតបើកឆាកពូលD។ ១គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Sterling នៅនាទីទី៥៦ ក្នុងតង់ទី២ ហើយការប្រកួតនេះគឺក្រុមអង់គ្លេសមានប្រៀបច្រើនទាំងការគ្រប់គ្រងបាល់ ការស៊ុតចំគោលដៅ និងឱកាសក្នុងការរកគ្រាប់បាល់មានច្រើនជាងក្រូអាត។ សម្រាប់ជ័យជម្នះនេះអង់គ្លេសទទួលបាន៣ពិន្ទុឈរលេខ១ក្នុងពូលDបណ្តោះអាសន្ន។

រីឯក្រុមអូទ្រីសធ្វើបានល្អ ដោយបានយកឈ្នះក្រុមម៉ាសេដូនៀ៣ទល់១កាលពីយប់មិញដែរ។ ៣គ្រាប់របស់ក្រុមអូទ្រីសរកបាននៅនាទីទី១៨ ដោយកីឡាករ Lainer, នាទីទី៧៨ ដោយកីឡាករ Gregoritschនិងនាទីទី៨៩ដោយកីឡាករ Arnautović។ ចំណែកក្រុមម៉ាសេដូនៀវិញរកបាន១គ្រាប់សងវិញនៅនាទីទី២៨ ដោយកីឡាករ Pandev ។ ជ័យជម្នះនេះធ្វើឲ្យក្រុមអូទ្រីសឡើងឈរលេខ១ក្នុងពូលC បណ្តោះអាសន្នស្មើពិន្ទុជាមួយហុល្លង់មាន៣ពិន្ទុដូចគ្នា។

ចំណែកក្រុមហុល្លង់បានយកឈ្នះក្រុមអ៊ុយក្រែនក្នុងលទ្ធផល៣ទល់២យ៉ាងប្រផិតប្រផើយ ដោយគ្រាប់បាល់ទាំងនេះរកបាននៅតង់ទី២ទាំងអស់។ ក្រុមហុល្លង់បាននាំមុខ២គ្រាប់មុននៅនាទីទី៥២ និងនាទីទី៥៨ ដោយកីឡាករ Wijnaldum និងកីឡាករ Weghorst ប៉ុន្តែក្រុមអ៊ុយក្រែនបានរកសងវិញនៅនាទីទី៧៥ និងនាទីទី៧៩ ដោយកីឡាករ Yarmolenko និងកីឡាករ Yaremchuk ។ ជិតចប់ការប្រកួតទៅហើយនៅនាទីទី៨៥ កីឡាករ Dumfries របស់ហុល្លង់មានឱកាសរកបាន១គ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះ ធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុឈរពីក្រោមក្រុមអូទ្រីសក្នុងពូលC

សម្រាប់ការប្រកួតនៅរាត្រីនេះមាន៣គូទៀតដែលត្រូវលេងក្នុងវគ្គជម្រុះតាមពូលគឺក្រុមជម្រើសជាតិស្កុតឡេនប៉ះក្រុមសាធារណរដ្ឋឆេក ម៉ោង៨យប់, ក្រុមប៉ូឡូញប៉ះក្រុមស្លូវ៉ាគី នៅម៉ោង១១យប់ និងក្រុមអេស្ប៉ាញប៉ះជាមួយក្រុមស៊ុយអែតម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មិថុនាម៉ោងនៅកម្ពុជា ៕

ដោយ៖ ភារៈ


ចែករំលែក៖