អន្តរជាតិ៖ បេីយោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ បានបញ្ជាក់ថា រោងចក្រជាង ១៣០ហើយ នៅទូទាំងប្រទេសថៃ បានផ្ទុះឡេីងនៃករណីឆ្លងជំងឺ COVID-19 ក្នុងនោះមានមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។ បន្ថែមពីនេះ របាយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើង អមជាមួយនិងទិន្នន័យនៃការឆ្លង COVID-19 នៅតាមពន្ធនាគារ និងការដ្ឋានសំណង់ផងដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា ចំពោះការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានា ទូទាំងប្រទេសថៃ កំពុងតែបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យនាំចេញរបស់ប្រទេសអាស៊ានមួយនេះ ខណៈដែលជំងឺរាតត្បាតសកល បានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ចុះដល់កម្រិតទាបបំផុតរួចទៅហើយ។
គួរជម្រាបថា កាលពីឆ្នាំ២០២០ វិស័យនាំចេញ បានទទួលបន្ទុក ៤៥% នៃប្រាក់ចំណូលក្នុងស្រុកងសរុប (GDP) របស់ប្រទេសថៃ ខណៈវិស័យទេសចរណ៍បានដាំក្បាលចុះយ៉ាងគំហុក។ ខណៈរដ្ឋាភិបាលថៃ កាលពីខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ បានព្យាករណ៍ថា GDP នៅក្នុងឆ្នាំនេះនឹងទទួលបានកំណើនតែ ១.៥% ប៉ុណ្ណោះ ខណៈការព្យាករណ៍កាលពីលើកមុន គឺចាប់ពី ២.៥% ទៅ ៣.៥%។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ នៅទូទាំងប្រទេសថៃ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ ប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះឡើងធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍៕ដោយ៖សហការី
រូបភាព៖ឯកសារ ប្រជាជនថៃនាំគ្នាចាក់វ៉ាក់សាំង