ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជនដៃដល់សម្លាប់ប្រពន្ធច្រកវ៉ាលិសពីបទ «ឃាតកម្មដោយអំពើទារុណកម្ម»

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ពីបទ «ឃាតកម្មដោយអំពើទារុណកម្ម»។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ យកទៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌនៅពេលក្រោយ។ 

ការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ទីដែលរូបគេកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់សម្លាប់ប្រពន្ធ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា, ជនសង្ស័យឈ្មោះ ស៊ាន ហួរ អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គ្មានសារធាតុញៀន បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះឈ្មោះ គង់ វុទ្ធី អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា,  ឃាតកម្មនេះ គឺជាករណីដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ម្នាក់បានបង្ហោះថា រូបគាត់បាត់ឪពុកម្ដាយ ជាមួយរថយន្ដមួយគ្រឿងម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-1701 ដើម្បីឲ្យមហាជនជួយស្វែងរក។ តែការពិតការបាត់ខ្លួននេះ គឺជារឿងឃាតកម្មឪពុក សម្លាប់ម្ដាយរបស់ខ្លួនទៅវិញ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, អំពើឃាតកម្មដែលប្តីសម្លាប់ប្រពន្ធ កើតឡើងដោយមានបញ្ហាជម្លោះនៅក្នុងក្រុមគ្រួសារ ហើយការគិត គ្មានគិតដល់អំពីបុណ្យបាប ទើបឈានដល់អំពើឃាតកម្មនេះកើតឡើង៕

ដោយ ៖ សិលា


ចែករំលែក៖