នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែតប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(ហៅកាត់ថា STEPCam)ដែលទទួលជំនួយហិរញ្ញវត្ថុពីមូលនិធិភាពជា ដៃគូ សកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។ ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងតាកែវ។
គម្រោង STEPCam ធ្វើការសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនៃក្រសួងអប់រំយុវជន និងកីឡាក្នុងការដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តដល់កម្រិតបរិញ្ញាបត្រអប់រំ។ គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ៦៨នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី១ ប្រកប ដោយភាពជោគជ័យ។ ស្របពេលនេះដែរក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគម្រោង STEPCamកំពុងធ្វើការអភិវឌ្ឍកម្មវិធីវិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើ របាយការណ៍ការវាយតម្លៃស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីឆ្នាំមុន។
ការរាតត្បាតនៃជំងឺកូវីដ–១៩ នៅកម្ពុជាបានបង្កការរាំងស្ទះដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេសអាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលបែបចម្រុះបាន ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់ tablet ចំនួន ៣៨០ គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាតក្នុងការដំឡើងស៊ីមកាតដែលមានទិន្នន័យអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំនៅក្រសួងអប់រំ យុវជន និងកីឡា។
ការផ្តល់ជូននូវ Tablet ទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើនការអប់រំបែបឌីជីថលនៅកម្ពុជា។ ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុនសែលកាតក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់។
អំពីគម្រោង STEPCam
គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៨ ដោយមានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូក្នុងគោលបំណងពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់សមត្ថភាព និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជា។ សកម្មភាពគម្រោងមាន៖ (១) អភិវឌ្ឍ និងអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា និងអ្នកឯកទេសអប់រំ (២) បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិតបឋមសិក្សាស្តីពីវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងព្រមទាំងផ្តល់ការប្រឹក្សាគរុកោសល្យកម្រិតសាលារៀន (៣) ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (៤) កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀនតាមរយៈការជួសជុលសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖s.ang@unesco.org ឬតាមរយៈលេខទូរស័ព្ទលេខ ០១២ ៩៨២ ១១៧ និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា ngorpenglong@gmail.com ឬ តាមរយៈលេខទូរស័ព្ទលេខ ០៧៧ ៩៨២ ៩៨៣។
STEPCam
Strengthening Teacher Education Programmes in Cambodia
MoEYS • GPE • UNESCO