កីឡាករ Cristiano Ronaldo នឹងឈរនៅកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ប្រសិនបើរូបគាត់អាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះនៅក្នុងជំនួបរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ទល់នឹងក្រុមហុងគ្រីនៅយប់ថ្ងៃទី១៥ មិថុនានេះ។
នៅរាត្រីថ្ងៃទី១៥ មិថុនាវេលាម៉ោង១១យប់ម៉ោងនៅកម្ពុជា ការប្រកួតរវាងព័រទុយហ្គាល់ទល់នឹងហុងគ្រីក្នុងពូល F នឹងធ្វើឡើងនៅទីក្រុង Budapest ។ កីឡាករ Ronaldo វ័យ៣៦ឆ្នាំត្រូវបានរំពឹងថា នឹងអាចចារឈ្មោះក្នុងប្រវត្តិសាស្ត្រយូរ៉ូបានតាមរយៈការទាត់បញ្ចូលទីឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ខ្លួនត្រឹមតែ១គ្រាប់ប៉ុណ្ណោះនៅយូរ៉ូឆ្នាំនេះ ។
សូមរំលឹកថា ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldoបានរកគ្រាប់បាល់បាន២គ្រាប់កាលពីយូរ៉ូឆ្នាំ២០០៤, ១គ្រាប់កាលពីឆ្នាំ២០០៨, ៣គ្រាប់កាលពីឆ្នាំ២០១២ និង៣គ្រាប់កាលពីឆ្នាំ២០១៦ ធ្វើឱ្យស្មើជាមួយនឹងលោក Michel Platini អតីតកីឡាកររបស់ក្រុមបារាំង ដែលមាន៩គ្រាប់ ៕
ដោយ៖ ភារៈ