ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​សន្តិសុខឯកជនយីហោ”មុន្នីឯករាជ្យ” ខណៈដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ កម្លាំងនគរបាល​ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បា​នចាប់ឃាត់ខ្លួនសន្តិសុខឯកជនយីហោ”មុន្នីឯករាជ្យ” ខណៈដើរយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ​ នៅតាមបណ្តោយផ្លូវបូរីកម្មករ ( ផ្លូវ CT ) ចាប់ពីចំណុចមុខគ្លីនិកដើមស្វាយ ដល់មុខផ្សារពាណិជ្ឋកម្ម ស្ថិតនៅក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យដឹងថា​ បុរសរូបនេះ​មានឈ្មោះ ភាង កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន (មុន្នីឯករាជ្យ) បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

របាយការណ៍​ដដែល​ បន្តថា​ ដោយផ្អែកតាមការចម្លើយសារភាពរបស់ជនសង្ស័យ​ បានឱ្យដឹងថា​ កន្លងមកគាត់ធ្លាប់បានដើរទារប្រាក់ពីប្រជាពលរដ្ឋក្នុងការលក់ដូរតាមចិញ្ចើមផ្លូវបូរីកម្មករ ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានប្រាក់ជាបន្តបន្ទាប់ ហើយបានពាក់អាវ និងមួកនគរបាល ព្រមទាំងអះអាងប្រាប់អ្នកលក់ដូរថាខ្លួនជាសមត្ថកិច្ចថែមទៀត។

ដោយឡែក​យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ដែរថា​ ជនសង្ស័យខាងលើនេះ​ ដែល​ត្រូវ​កម្លាំងនគរបាលឃាត់ខ្លួន ព្រោះ​មួយរយ:ពេលកន្លងមក បានដើរយកប្រាក់ពីប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវ តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងមួយថ្ងៃបាន១១.០០០រៀល ទៅ១៥.០០០រៀលក្នុង១កន្លែង ។

សូមបញ្ជាក់ជូនបន្ថែម៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជននេះ​ ធ្លាប់បានស្លៀកពាក់ឯកសណ្ឋានបន្លំធ្វើជានគរបាលនៅផ្សារពារណិជ្ជកម្ម ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចាប់នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការអប់រំ និងចុះកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបន្លំធ្វើជានគរបាលម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យ​ ត្រូវ​បានកម្លាំងជំនាញឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​


ចែករំលែក៖