នៅយប់ថ្ងៃទី ១៦ខែមិថុនា ក្រសួងសុខាភិបាលវៀតណាមបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២៨៨ពាន់ដូស ផលិតដោយក្រុមហ៊ុន AstraZeneca ដល់បណ្តាខេត្តក្រុងដែលមានករណីឆ្លងកូវីដ-១៩ច្រើន។
សកម្មភាពខាងកើតឡើងក្រោយពេលដែល វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន «៤២៣ករណី» បន្ថែមទៀត ក្នុងនោះ៩៩នាក់នៅទីក្រុងហូជីមិញ។
ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤២៣ករណីបន្ថែមទៀត ក្នុងនោះ៩ករណីជាករណីនាំចូល និង ៤១៤នាក់ទៀតជាករណីសហគមន៍។
នេះជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតទី២ ដែលត្រូវបានរាយការណ៍ចាប់តាំងពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ដែលប្រទេសនេះបានរកឃើញករណីឆ្លងថ្មីរហូតដល់ ៤៤៤ករណីក្នុងមួយថ្ងៃ។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃពុធនេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការផ្ទុះរីករាលដាលកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណីឆ្លងថ្មីចំនួន ២៧៩ករណី។ ដោយឡែកនៅទីក្រុងហូជីមិញ បន្តរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន៩៩ករណីបន្ថែមទៀត។
ចំណែកនៅខេត្ត Bắc Ninh បានរកឃើញ២៧ករណី, ខេត្តBình Dương មាន១២ករណី និងនៅខេត្ត Hà Tĩnh មាន០៤ករណី ក្រៅពីនោះនៅតាមបណ្តាខេត្តផ្សេងៗទៀត។
សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១១,៦៣៥នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៥៩០នាក់៕
ដោយ៖ធីរីណា(រូបភាព៖ suckhoedoisong)