ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ«រស់ឡើងវិញ»របស់ពលរដ្ឋនៅទីក្រុងញូវយ៉កនិង កាលីហ្វ័រនីញ៉ា

ចែករំលែក៖

ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់បានជាង ៧០% មន្ត្រីរដ្ឋញូវយ៉កនឹង កាលីហ្វ័រនីញ៉ា បានសម្រេចលុបច្បាប់បម្រាមនានា ដល់ពលរដ្ឋ ដើម្បីឲ្យជីវភាពរស់នៅវិលត្រឡប់មកធម្មតាវិញ ។ ទាំងនោះជាភាពរីករាយបំផុតរបស់ពលរដ្ឋ ក្រោយការបិទខ្ទប់អស់រយៈពេលជាង១ឆ្នាំកន្លងមក។
នៅថ្ងៃទី ១៥ខែមិថុនា (ពេលវេលាអាមេរិក) អភិបាលរដ្ឋញូវយក និងកាលីហ្វ័រនីញ៉ា បានប្រកាសទទួលបានជ័យជម្នះលើកូវីដ-១៩ ហើយរាល់ការបិទខ្ទប់នានាត្រូវបានបញ្ចប់។ បណ្តាក្រុមហ៊ុន សហគ្រាស ដំណើរការឡើងវិញទាំងស្រុង ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។
នៅក្នុងរដ្ឋទាំងពីរ មានពលរដ្ឋដល់ទៅជាង ៧០ភាគរយហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យចំនួនអ្នកឆ្លងក៏បានធ្លាក់ចុះខ្លាំងផងដែរ។ នៅតាមភោជនីយដ្ឋានមិនមានការអង្គុយគម្លាត ២ម៉ែត្រដូចកាលពីមុនឡើយ ។
បើទោះបីមានរដ្ឋមួយចំនួនបើកទ្វារសេដ្ឋកិច្ចឡើងវិញក្តីតែចំនួនអ្នកឆ្លងនៅទូទាំងអាមេរិក នៅមានជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃនៅឡើយទេ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១២,៥៨០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៥៣នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៣៥២,១៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៥,៧១៧នាក់ និងជាសះស្បើយឡើងសរុប ២៨,៥៧៨,៧០១នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕

ដោយ៖ធីរីណា(រូបភាព៖New York Times.+TTXVN)


ចែករំលែក៖