ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជំនាញ​ រឹបអូស​អាល់កុលក្លែងក្លាយ ប្រមាណ ១១៨លីត្រនៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង,​ ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី​ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយ​មន្រ្តីជំនាញ​ បានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុង​ប្រតិបត្តិការ​នេះ​ ជាលទ្ធផល៖​ មន្រ្តី​ជំនាញ​ខេត្តកោះកុង បានរកឃើញអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៣៦លីត្រ។

– ខេត្តព្រៃវែង៖ មន្ត្រីជំនាញ​ បានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៨២លីត្រ។

-​ ខេត្តកណ្តាល៖ មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល)ទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី និងបានដកយកគំរូចំនួន ៣៥គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. វិភាគរកសារធាតុមេតាណុលបន្តទៀត៕ដោយ​៖សហការី​


ចែករំលែក៖