ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមមន្រ្តីជាន់ខ្ពស់របស់សាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នាពេលខាងមុខឆាប់ៗនេះ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត នឹងអាចបើកដំណើរការឡេីងវិញ។ ការលើកឡើងបែបនេះ ខណៈដែលមន្ត្រីអាជ្ញាធរដែនដី មន្ទីរសាសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្ទឹងបត់ បានចុះប្រជុំពិភាក្សាខ្លឺនិងពិនិត្យគម្រោងសាងសង់អគារអគារស្នាក់នៅបណ្តោះអាសន្នរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍។
ជាក់ស្ដែងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ លោកវរសេនីយ៍ឯកឆោម ភ័ព្វ នាយបុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ស្តីពីការពិនិត្យគម្រោងសាងសង់អគារស្នាក់នៅបណ្តោះអាសន្នរបស់មន្រ្តីអន្តោប្រវេសន៍ នៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ (ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិបានណងអៀនភូមិណងអៀនស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ) ។
សូមជម្រាបថា ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀនជាច្រកព្រំដែនសេដ្ឋកិច្ចថ្មីមួយ សម្រាប់ការដឹកជញ្ជូនផ្លូវគោកធុនធ្ងន់រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ដោយស្ពាននេះ ឆ្លងកាត់អូរជ្រៅដែលភ្ជាប់ច្រកព្រំដែន បានសាងសង់រួចរាល់ ហើយត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានអញ្ជើញចាក់បេតុងភ្ជាប់តំណស្ពានរួចហើយ កាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។
ជាមួយគ្នានេះ នៅថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបើកការដ្ឋានស្ថាបនាហេដ្ឋាេចនាសម្ព័ន្ធច្រកស្ទឹងបត់រួមមានផ្លូវតភ្ជាប់ពីគល់ស្ពាន់ព្រំដែនមករង្វង់មូលផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ ផ្លូវថ្នល់ក្នុងតំបន់ច្រក អគារការិយាល័យធ្វើការ និងត្រួតពិនិត្យ អគារស្នាក់នៅរបស់មន្ត្រីសមត្ថកិច្ច កងកម្លាំងនៃរដ្ឋបាលច្រក ឃ្លាំងស្តុកទំនិញជាដើម។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីប្រទេសទាំង២ កម្ពុជា និងថៃក៏បានធ្វើជាអធិបតីនៃការការចុះហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែន ,ការប្រគល់ ទទួលក្បាលនិងទូររថភ្លើងជំនួយរបស់ថៃ និងការអញ្ជើញជិះរថភ្លើងឆ្លងកាត់ព្រំដែនពីស្ថានីយ៍ខ្លងលឹកនិងស្ថានីយ៍ប៉ោយប៉ែតផងដែរ ។
គួរបញ្ជាក់ថា ចំពោះគម្រោងបង្កើត និងបើកដំណើរការច្រកព្រំដែនអន្តរជាតិស្ទឹងបត់ -ណងអៀន ដែលជាច្រកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូនផ្លូវគោកនេះ គឺជាផ្តួចផ្តើមដោយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងថៃ នៃកិច្ចប្រជុំប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គ-អីុរ៉ាវ៉ាឌី(MICE) ។ ខណៈច្រកព្រំដែនអន្តរជាតិស្ទឹងបត់នេះ ខាងភាគីកម្ពុជា ក៏បានបង្កើតអង្គភាពដែលមានសមត្ថកិច្ចនានាត្រួតពិនិត្យការឆ្លងកាត់ព្រំដែនផងដែរ ។
ដោយឡែកជុំវិញករណីនេះដែរ ក្រសួងមហាផ្ទៃ ក្នុងប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១ ចុះហត្ថលេខាដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងលោកវរសេនីយ៍ឯកឆោម ភ័ព្វ ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ចំណុះនាយកដ្ឋានច្រកទ្វារទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចហើយដែរ ៕
ដោយ៖សហការី