ភូមិមួយនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាត្រូវឆេះខ្ទេច ក្រោយការវាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានក្រុមជនជាតិភាគតិច និង កម្លាំងទាហានរដ្ឋាភិបាលនៅថ្ងៃទី១៦ខែមិថុនា ។
រូបភាពបានបង្ហាញឲ្យឃើញថា ភូមិមួយដែលមានផ្ទះប្រមាណ២០០ខ្នងត្រូវឆេះខ្ទេច ក្នុងការវាយប្រហារគ្នា ។
បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានផ្សាយថា គ្រោះអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី ១៦ខែមិថុនា ស្ថិតនៅតំបន់ Kin Ma ដែលជាភូមិមួយមានពលរដ្ឋប្រមាណ ៨០០នាក់រស់នៅ។
ភ្លើងឆាបឆេះយ៉ាងខ្លាំង ត្រូវបានផ្កាយរណបរបស់ណាសា សម្រាប់តាមដានភ្លើងឆេះ ថតបានរូបភាពស្តីពីការឆាបឆេះនៅវេលាម៉ោង ២១និង ៥២នាទី យប់ថ្ងៃទី ១៦ខែមិថុនា ។
តាមសារព័ត៌មាន MRTV បានផ្សាយថា ក្រុមភេរវករមានគ្នាប្រមាណ៤០ នាក់ បានដុតបំផ្លាញផ្ទះអ្នកភូមិ នៅតំបន់ Kin Ma ហើយអណ្តាតភ្លើងក៏បានរាលដាលទៅកាន់ផ្ទះ១០០ខ្នងទៀតក្នុងចំណោម២២៥ខ្នងក្នុងភូមិ។
ប្រភពព័ត៌មានពីពលរដ្ឋក្នុងតំបន់ បានឲ្យដឹងថា កម្លាំងយោធាមីយ៉ាន់ម៉ាគឺជាអ្នកដុតផ្ទះពលរដ្ឋ ពេលប៉ះទង្គិចជាមួយកម្លាំងទាហានប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសារព័ត៌មាន MRTV បានចាត់ទុកថាគឺជាការផ្សាយមិនពិតដើម្បីបំផ្លាញកិត្តិយសរបស់រដ្ឋាភិបាល។
មកទល់ពេលនេះគេមិនទាន់ដឹងពីចំនួនអ្នកសា្លប់និងរបួស នៅឡើយទេ ។ ក្រោយការឆាបឆេះគេបានឃើញមានសាកសពមនុស្សជាច្រើននាក់ត្រូវភ្លើងឆេះខ្លោច ៕ដោយ៖ធីរីណា
រូបភាព៖ TG