ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តតកុងតឺន័រសង្ស័យងងុយដេកបើកបុកក្បាលនាគពុះចែកក្បាលស្ពានប្រសូត្រ ផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័របើកបុកក្បាលនាគពុះចែកក្បាលស្ពាន យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ក្បែរនោះចេញមកមើលទាំងកណ្ដាលអធ្រាត្រសំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីទាបភ្លឺឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅ ចន្លោះគីឡូម៉ែត្រលេខ១៣៥និង១៣៦  ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើករថយន្តមានឈ្មោះ ឈាវ ឡុង  អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ រស់នៅភូមិព្រៃខ្ជាយ ឃុំ ទម្រ ស្រុកព្រៃឈរ ខេត្តព្រៃវែង។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុ មានរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាក នីសាន់ ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ ៣E. ៧៤៥១ក្នុង ទិសដៅពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ខណៈនោះមិនដឹងជាយ៉ាងមិចស្រាប់តែរថយន្តបើកបុកក្បាលនាគពុះចែកក្បាលស្ពាន យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ក្បែរនោះចេញមកមើលទាំងកណ្ដាលអធ្រាត្រសំណាងមិនបុកចូលផ្ទះប្រជាពលរដ្ឋ។

ចំណែកអ្នកបើករថយន្តបង្កហេតុបានប្រាប់សមត្ថកិច្ចថាមូលហេតុដែលបណ្ដាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងមកពីរូបគាត់ងងុយដេកពេកដោយង៉ោកមួយភាំងក៏បុកក្បាលនាគពុះចែកក្បាលស្ពានប៉ុន្តែគាត់មិនមានរងរបួសនោះទេ។

ចំពោះរថយន្តកុងតឺន័រត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖