ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអីលោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ យកលុយតាមដេប៉ូឈើមានច្បាប់ ខុសច្បាប់ ពីបទល្មើសឈើ , ជលផល ! ជម្រិតលុយពលរដ្ឋ ល្បីពេញខេត្ត ?

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍នៃអំពើពុករលួយ ការអនុវត្ត ខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលនាយអាវុធហត្ថដាក់ជម្រាបជូន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រឿងដាក់បក្ខពួកប្រមូលលុយពីទីតាំងដេប៉ូឈើទាំងអស់ទូទាំងខេត្ត ជាកំហុសធ្ងន់ធ្ងរណាស់ដែលថ្នាក់លើចាត់វិធានការ, ពិសេសអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតស្រាវជ្រាវ ។ម្យ៉ាងវិញទៀត ! ដេប៉ូនីមួយៗអះអាងថាមានច្បាប់សោះ ហេតុអីត្រូវបង់លុយអោយ លោក ឃុនប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ ? ឬមានកំហុសអ្វីក្នុងការប្រមូលទិញឈើល្មើសច្បាប់ ! ក្នុងនោះ មានដេប៉ូដូចខាងក្រោម:
១-ឈ្មោះ រ៉យ ប៊ុនរ៉ុង នៅភូមិតាឡែក ឃុំ-ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។
២-ឈ្មោះ ឆាយ គង់ស័រ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៣-ដេប៉ូឈ្មោះ វិញ រ៉យ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៤-ដេប៉ូឈ្មោះ ឆេង អ័ង នៅភូមិស្ទឹងសែនសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
តាមរបាយការណ៍បញ្ជាក់ជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថា បណ្តាដេប៉ូទាំងអស់ក្នុងខេត្តនេះ មានប្រភពផ្គត់ផ្គង់ឈើ ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ឆ្លងការត្រួតពិនិត្យពីលោក ព្រហ្ម វាសនា និងដឹកចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ឆ្លងកាត់លោក ឡៅ ស៊ូអ៊ូ និងឪពុកក្មេកឈ្មោះ អាំង បានហូវ ។ ឈើដឹកមកដល់ដេប៉ូ ហែកលិខិតពីដេប៉ូបន្តឆ្លងចូលទៅខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំងបន្តទៀត។ មុខសញ្ញាដេប៉ូទាំងនេះ លោក ឃុន ប៊ុនហូ ប្រគល់អោយលោក ព្រហ្ម វាសនា អនុប្រធានមន្ទីរ ជាអ្នកដើរប្រមូលលុយប្រចាំខែ គ្មានចន្លោះដេប៉ូណាមួយទេ។
សូមបញ្ជាក់ថា, អង្គភាព”កាសែតនគរវត្ត”សូមបន្តដកស្រង់របាយការណ៍បន្តទៀតចាប់ពីទំព័រទី៦នៃរបាយការណ៍នាយអាវុធហត្ថដាក់ជម្រាបជូនលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបញ្ជាក់បន្តថា, រាល់ការចុះបង្ក្រាបចាប់បទល្មើសនានាកន្លងមកនេះ នាយអាវុធហត្ថពិនិត្យឃើញថាៈ ភាគច្រើនលោក ឃុន ប៊ុនហូ បញ្ជាទៅលោក ព្រហ្ម វាសនា ជាអនុប្រធានមន្ទីរ ដែលមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ឲ្យដឹកនាំកម្លាំង ចុះធ្វើការ ដោយមិនឆ្លងកាត់ប្រធានមន្ទីរ ជាហេតុនាំឲ្យមានការអនុវត្តន៍ខុសនីតិវិធីច្បាប់ជាបន្តបន្ទាប់ ដូចជាទៅសហការជាមួយអ្នកសារព័ត៌មាន ចាប់បទល្មើសមិនបានធ្វើកំណត់ហេតុត្រឹមត្រូវ ចូលឆែកឆេរក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ តាមការចង្អុលបង្ហាញពីអ្នកសារព័ត៌មាន គ្មានមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមជាដើម សកម្មភាពទាំងនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ អាជ្ញាធរដែនដីចំពោះកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

ក្នុងរបាយការណ៍បន្តថា, លោក ឃុន ប៊ុនហូ ចាត់ចែងដឹកនាំដូចខាងលើ ដូចជាមិនមានបញ្ហាអីកើតឡើងទេ មិនមានសារព័ត៌មានណាមួយចុះផ្សាយអាក្រក់ពីគាត់នោះទេ ។ ដោយឡែក នៅពេលដែលប្រធានមន្ទីរក្តាប់ព័ត៌មានពីបទល្មើស ណាមួយ ហើយបាន រាយការណ៍ទៅតាមឋានានុក្រមទៅលោក ឃុន ប៊ុនហូ ហើយឲ្យកម្លាំងចុះធ្វើការ បានលទ្ធផល ប្រធានមន្ទីរតែងតែរាយការណ៍ជាបន្តបន្ទាប់មកគាត់ ដើម្បីឲ្យគាត់រាយការណ៍តាមឋានានុក្រមទៅមេបញ្ជាការ ឬព្រះ រាជអាជ្ញា ។ ឯលោក ឃុន ប៊ុនហូ គាត់តែងតែឲ្យលោក ថាន់ ប៊ុនថេង មេបញ្ជការរង អ.ហ ស្រុកស្ទោងជាប្អូនថ្លៃ និង ឈ្មោះ ហ៊ាង លីហាក់ អ្នកសារព័ត៌មាន ជាដៃជើង ចុះទៅសម្ភាសន៍ជនល្មើស ថាជាជនរងគ្រោះ ដោយសារ សកម្មភាពកូនចៅដែលប្រធានមន្ទីរ ចាត់ចែងឲ្យចុះធ្វើការនេះទៅវិញ ។
រួចយកខ្លឹមសារទៅឲ្យអ្នកសាព័ត៌មានផ្សាយពី សកម្មភាពរបស់កូនចៅខ្លួនឯង ពេលខ្លះផ្សាយទាញបញ្ហាមកភ្ជាប់ជាមួយប្រធានមន្ទីរ ដើម្បីឲ្យមហាជនទូទៅ និង ថ្នាក់លើចាប់អារម្មណ៍ មានការភាន់ច្រឡំ រួចហើយបញ្ចេះជនល្មើសឲ្យប្ដឹងទៅសមត្ថកិច្ច ឬព្រះរាជអាជ្ញា ក្នុង គោលបំណងធ្វើឲ្យបាត់បង់អនាគតចំពោះបុគ្គលជាកូនចៅ ។ គាត់ធ្វើបែបនេះ គឺដោយសារតែគំនុំបុគ្គលពីមុន ដែលកូនចៅម្នាក់ឈ្មោះ មាស រៀម បានទៅចាប់ចំត្រាក់ទ័រ២គ្រឿង របស់លោក ឃុន ប៊ុនហូ អនុញ្ញាតឲ្យឈូស ឆាយដីព្រៃលិចទឹកនៅចំណុចតាសែង ក្នុងឃុំម្សាក្រុង ស្រុកស្ទោង ។ គាត់មិនបានគិតថា ការបោះព័ត៌មានឲ្យ អ្នកកាសែតផ្សាយដូច្នេះ វាបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ធំនោះទេ ។
ដោយឡែក សកម្មភាពមិនប្រក្រតីជាក់ស្តែងមួយចំនួនក្នុងការទទួលលុយពីបទល្មើសធនធាន ធម្មជាតិ និងការអនុវត្តន៍ខុសនីតិវិធីច្បាប់ៈ គឺមានភស្តុតាងជាក់ស្តែងរបស់មុខសញ្ញាតាមបណ្តាគោលដៅសំខាន់ៗ ប្រមូលលុយពីបទល្មើសធនធានធម្មជាតិ យកមកជូនលោក ឃុន ប៊ុនហូ មានដូចខាងក្រោមៈ
-តំបន់ព្រៃឡង់ និងស្រុកសណ្តាន់ លោក ឃុន ប៊ុនហូ ដាក់ឲ្យក្មួយប្រសារម្នាក់ ឈ្មោះឡៅ ស៊ូអ៊ូ អគ្គលេខ១០៦០៨១ ជំនួយការការិយាល័យវិទ្យុទាក់ទង ប្រើលេខទូរស័ព្ទ 088 2222224 សហការណ៍ពីនាក់ឪពុកក្មេកឈ្មោះ អាំង បានហូវ ទើបចេញពីពន្ធនាគារពីបទជំរឹតទារប្រាក់ ដើរតួជាអ្នកកាសែតគ្រប់គ្រងប្រមូលយកលុយ ពីមុខសញ្ញាដឹកឈើចេញពីតំបន់ព្រៃឡង់ក្នុងស្រុកសណ្តាន់ ឲ្យលោក ឃុន ប៊ុនហូ ដូចមានក្នុងក្រដាស វីង និងសម្លេងសន្ទនាតាមទូរស័ព្ទ ជាមួយអ្នករកស៊ីដឹកជញ្ជូនឈើចេញពីព្រៃឡង់ បង់លុយក្បាលឡាន និងលុយចាប់ឡានដឹកឈើ នៅថ្ងៃដែលចុះទៅព្រៃឡង់ ពីអ្នករកស៊ីជួញឈើហៅលេខកូដអោយទៅលោក ឡៅ ស៊ូអ៊ូ ទទួលយក ទៅដកលុយ ទៅប្រគល់អោយលោក ឃុន ប៊ុនហូ នោះជាដើម។
អង្គភាព”កាសែតនគរវត្ត”នឹងបន្តដកស្រង់តាមរបាយការណ៍នេះបន្ថែមទៀតនៅថ្ងៃក្រោយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖