ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាំញៀនជិត៣៥គីឡូក្រាម ត្រូវនគរបាលបង្ក្រាប២ករណីផ្សេងពីគ្នាឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់

ចែករំលែក៖

 

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ក្នុងនោះមានស្រី្តម្នាក់រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់នៅថ្ងៃទី១៦  ខែមិថុនា  ឆ្នាំ២០២១ កន្លងមកនេះ ។ 

លោក បោន  សីហា  អធិការស្តីទីនគរបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា  កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត  សហការជាមួយនឹងកម្លាំងនគរបាលចរាចរណ៍  នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  ដឹកនាំបញ្ជាដោយផ្ទាល់ពីលោក  សិទ្ធិ  ឡោះ  ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្រុះសម្រួលដោយលោក កើត  វណ្ណារ៉េត  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យសហការចុះអនុវត្តដីកាលេខ១២អយក/០២១ចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក កែវ សុជាតិ  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យកម្លាំងឃាត់ខ្លួនជនសង្ស័យ៤នាក់នៅផ្ទះល្វែងមួយកន្លែងស្ថិតក្នុងភូមិផ្សារកណ្តាល  សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត ។

កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់  ៖

១-ឈ្មោះរ៉ុង គឹមហាក់  ភេទប្រុស  អាយុ៣៥ឆ្នាំ  មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិ-សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត, ២-ឈ្មោះ  រ៉ុង  គឹមហៀង  ភេទប្រុស  អាយុ៣៩ឆ្នាំ  មុខ របរលក់ដូរ  ស្នាក់នៅបណ្ដោះអាសន្នភូមិ-សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត,៣-ឈ្មោះ  សុខ  សេដ្ឋា  ភេទប្រុស  អាយុ២២ឆ្នាំ  មានទីលំនៅភូមិ-សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត និង៤-ឈ្មោះ  ឡាន់ ជិដា  សៃស៊ូងនឹន  ភេទស្រី  អាយុ២៨ឆ្នាំ  ជនជាតិថៃ  រស់នៅក្នុងភូមិ-សង្កាត់ផ្សារកណ្ដាល  ក្រុងប៉ោយប៉ែត។ 

លោក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យបញ្ជាក់ថា ក្រោយការឃាត់ខ្លួនអ្នកទាំង០៤នាក់ សមត្ថកិច្ចបានបន្តឆែកឆេរនៅផ្ទះជនសង្ស័យខាងលើរកឃើញវត្ថុតាងសង្ស័យសារធាតុញៀនរួមាន  ៖១/-  ម្សៅក្រាមសង្ស័យសារធាតុញៀន  ៣៣កញ្ចប់ធំ  ស្មើទម្ងន់  ៣២,៩៥៩.៥១  ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,២/-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥កូនថង់តូច  ស្មើនឹង៣១៣.៣៨ក្រាម  (ថ្លឹង ទាំងសំបកថង់),៣/-ថ្នាំគ្រាប់(អ៊ិចស្តាស៊ី)  ចំនួន១១០  ស្មើទម្ងន់  ៣៩.២០ក្រាម  (ថ្លឹងសាច់ថ្នាំសុទ្ធ),  ថ្នាំគ្រាប់  (WY) ចំនួន៣៨៣គ្រាប់  ស្មើ ទម្ងន់៣៤.៤៧ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង  រួមនឹងសម្ភារៈកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន,  រថយន្ត  ហាយឡែនឌឺ  ពណ៌ស្ករ  ពាក់ស្លាក់លេខ  បន្ទាយមានជ័យ  2C 3186, ម៉ូតូកង់៤មួយគ្រឿង   ពណ៌ខ្មៅ លាយក្រហម,កាំភ្លើងខ្លី១ដើម  ម៉ាកសាយអឺ  P365  មានបង់២  មានគ្រាប់ចំនួន១១គ្រាប់  និងម៉ាស៊ីន រាប់លុយ១គ្រឿង ។ 

លោក ធិន ស៊ិនដេត បានបញ្ជាក់ថា ក្រោយពីធ្វើការសួរនាំជនសង្ស័យទាំង៤នាក់ដែលបង្រ្កាបនៅក្រុងប៉ោយប៉ែត នៅថ្ងៃដដែលកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរ​បាលស្រុកម៉ាឡៃ  កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបន្តឃាត់ខ្លួនជនសង្ស័យមានចំនួន៤នាក់បន្ថែម ទៀតពាក់ព័ន្ធជួញដូរគ្រឿងញៀន  នៅចំណុចដីឡូត៍ភូមិទួលពង្រ  ឃុំម៉ាឡៃ  ស្រុកម៉ាឡៃ  នៅផ្ទះសង្ស័យឈ្មោះ ឡេង គឹមឡាយ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដបានគេចខ្លួន។ ជនសង្ស័យ ទាំង៤នាក់  ៖  ១-ឈ្មោះ ឡុង សារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ២-ឈ្មោះ គួន ស្រីឡាន់ ភេទស្រី អាយុ ៣៣ឆ្នាំ  មុខរបរ សំណង់,  ៣-ឈ្មោះ សេង ស្រីនិច អាយុ ២៣ឆ្នាំ  មុខរបរ ធ្វើការកាស៉ីណូ ,  ៤-ឈ្មោះ  ហែម  វណ្ណលី  អាយុ ៥៥ឆ្នាំ  មុខរបរ កសិករ ។ 

ក្នុងប្រតិបត្តិការ នោះដែរកម្លាំងសមត្ថកិច្ច  ដកហូតវត្ថុតាងរួមាន   ម្សៅក្រាមសថ្លាចំនួន១កញ្ចប់ និង ១កូនថង់តូច  ស្មើទម្ងន់ ១,០១០.៩៩ក្រាម(ថ្លឹងទាំងសំបក) ,កាំភ្លើងម៉ាកឡុកចំនួន ១ដើម មានគ្រាប់ ១៦គ្រាប់ថ្នាំប្រភេទគ្រាប់សង្ស័យសារធាតុញៀនចំនួន ៦៣គ្រាប់ ក្នុងនោះពណ៍ក្រហម ៥៥គ្រាប់ ពណ៌ខៀវ ៨គ្រាប់,  ថ្នាំប្រភេទទឹកសង្ស័យសារធាតុញៀនចំនួន ៥ប្រអប់ មាន១២៥ដប និងថង់សម្រាប់ច្រកថ្នាំញៀន១ចំនួន  រួមនឹងទូរសព្ទដៃចំនួន៣គ្រឿង,រថយន្តម៉ាកតូយូតាព្រួស ០១គ្រឿង ពណ៌ស គ្មានស្លាកលេខ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់រួមនឹងវត្ថុតាង  ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖