ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ាម្នាក់ឈ្មោះ ប្រាក់ ប្រាកដ ត្រូវនគរបាលព្រហ្មទណ្ឌនាំខ្លួន បញ្ជូនទៅតុលាការតាមដីកាពាក់ព័ន្ធបណ្ដឹងឆបោក ប្រាក់១០ម៉ឺនដុល្លារ ! រឿងធានារត់ការឱ្យគេយកស្នងការរងខេត្តព្រះសីហនុក្នុងតម្លៃចំនួន៣០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន ឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ តាមដីកាបញ្ជូនទៅតុលាការ ដើម្បីសួរនាំពីដំណើររឿងឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ ហើយគេស្គាល់ថា ជាអ្នកមានមុខមាត់ម្នាក់នៅក្រុងព្រះសីហនុផងដែរ។ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា, ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានធ្វើឡើងនៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។
តាមពាក្យបណ្តឹងដដែលបានឲ្យដឹងថា ក្រោយទទួលបានលុយដោយសន្យាធានារត់ការផ្ទេរឈ្មោះ និងក្របខ័ណ្ឌរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ ហើយបានប្រើឡេះមិនចេះចប់មិនចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារយកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះមិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបជនរងគ្រោះសំរេចដាក់ពាក្យបណ្ដឹងទៅតុលាការ។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះមិនព្រមចូលខ្លួន ទើបបង្គាប់ឱ្យនាំខ្លួនតែម្ដង។
សូមជម្រាបថា, ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះប្រាក់ ប្រាកដ ហើយរង់ចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទីដោយមានតួនាទីជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម២០ម៉ឺនដុល្លារទៀត។
តាមពិតរឿងនេះ អាចជាអំពើពុករលួយផងដែរ
គួរស្រាវជ្រាវរកហេតុ និងផល បើជាការសូកប៉ាន់ ឃាត់ទាំងអ្នកសូក ទាំងអ្នករត់ការ ៕

ដោយ៖ សិលា


ចែករំលែក៖