ព័ត៌មានទាន់ហេតុការណ៍៖

ជិតផុតកំណត់បានឱ្យគេ ប៉ាឡេស្ទីនប្រកាសមិនទទួលយកវ៉ាក់សាំងជិតផុតកំណត់របស់អុីស្រាអែលឡើយ

ចែករំលែក៖

រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាស លុបកិច្ចព្រមព្រៀងទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន១លានដូស ដែលជិតផុតកំណត់របស់អុីស្រាអែល ។ រដ្ឋាភិបាលប៉ាឡេស្ទីនបានប្រកាសថា អុីស្រាអែលបានបញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ជេរូសាឡឹមខាងលិច កាលពីថ្ងៃទី១៨ខែមិថុនា តែវ៉ាក់សាំងនោះជិតផុតកំណត់ប្រើប្រាស់ទៅហើយ។
កន្លងមករដ្ឋាភិបាលប៉ាឡេស្ទីនបានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនលើបណ្តាញសង្គមដោយសារតែព្រមទទួលយកវ៉ាក់សាំងជិតផុតកំណត់ពីអុីស្រាអែល។

ពលរដ្ឋចាត់ទុកថាវ៉ាក់សាំងជិតផុតកំណត់ មិនមានសុវត្ថិភាពនិងប្រសិទ្ធភាព។ អុីស្រាអែលបានប្រកាសថា វ៉ាក់សាំងនោះជិតផុតកំណត់ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងផុតនៅពេលណាឡើយ ។
នៅពេលនេះអុីស្រាអែលបានបើកទ្វារសេដ្ឋកិច្ចទាំងស្រុងឡើងវិញ ក្រោយកម្មវិធីចាក់វ៉ាក់សាំងទទួលបានជោគជ័យ។

ប៉ុន្តែអុីស្រាអែលរងការរិះគន់យ៉ាងខ្លាំងដែលមិនបានចែកចាយវ៉ាក់សាំងដល់ពលរដ្ឋរស់នៅតំបន់ជេរូសាឡឹមខាងលិច ដែលមានពលរដ្ឋ ៤,៥លាននាក់។
រដ្ឋាភិបាលរបស់អុីស្រាអែលបានប្រកាសថា នឹងបញ្ជូនវ៉ាក់សំាងរបស់ក្រុមហ៊ុន Pfizer ជិតផុតកំណត់ឲ្យទៅរដ្ឋាភិបាលប៉ាឡេស្ទីន ហើយក្នុងពេលប៉ាឡេស្ទីនទទួលបានវ៉ាក់សាំង នៅក្នុងខែកញ្ញាឬខែតុលាខាងមុខ នឹងត្រូវប្រគល់សងអុីស្រាអែលវិញ។
ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនខឹងសម្បាយ៉ាងខ្លាំង ដោយអុីស្រាអែលបានយកវ៉ាក់សាំងជិតបោះចោលមកប្តូរយកវ៉ាក់សាំងថ្មីពីប៉ាឡេស្ទីន។ ដូច្នេះទើបរដ្ឋាភិបាលប៉ាឡេស្ទីនប្រកាសឈប់ទទួលយកវ៉ាក់សាំងពីប្រទេសអុីស្រាអែលនោះ ៕

ដោយ៖ធីរីណា(រូបភាព៖AP+The Times of Israel)


ចែករំលែក៖