ព័ត៌មានទាន់ហេតុការណ៍៖

ស៊ុយអែតទទួលបាន៣ពិន្ទុពីស្លូវ៉ាគី ខណៈអង់គ្លេស និងក្រូអាតបានត្រឹមស្មើ

ចែករំលែក៖

ក្រុមជម្រើសជាតិស៊ុយអែតបានទទួល៣ពិន្ទុពីការប្រកួតជម្រុះតាមពូលក្នុងជុំទី២ កាលពីរាត្រីថ្ងៃសុក្រ ដោយបានយកឈ្នះក្រុមស្លូវ៉ាគីក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ soccerwayនិង BBC Sport ។

១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិស៊ុយអែតរកបានដោយកីឡាករ Forsberg ដោយបាល់ប៉េណាល់ទីនៅនាទីទី៧៧។ ជ័យជម្នះនេះធ្វើឲ្យក្រុមស៊ុយអែតទទួលបាន៣ពិន្ទុក្នុងពូលE ។ ចំណែកក្រុមជម្រើសជាតិក្រូអាតបានត្រឹមស្មើជាមួយក្រុមឆេកក្នុងលទ្ធផល១ទល់១ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃសុក្រនេះដែរ។ ១គ្រាប់របស់ឆេករកបានដោយកីឡាករ Schick នៅនាទីទី៣៧ដោយបាល់ប៉េណាល់ទី ខណៈដែល១គ្រាប់របស់ក្រុមក្រូអាតសងវិញនៅនាទីទី៤៧ ដោយកីឡាករ Perišić

ដោយឡែកក្រុមជម្រើសជាតិអង់គ្លេសបានត្រឹមស្មើ០ទល់០ជាមួយក្រុម​ស្កុតឡេនក្នុងទឹកដីខ្លួនឯង ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មិថុនានេះ។

លទ្ធផលនេះធ្វើឲ្យក្រុមក្រូអាតមាន១ពិន្ទុប៉ុណ្ណោះក្នុង២ប្រកួត ខណៈដែលក្រុមឆេកឈរលេខ១ក្នុងពូលDបណ្តោះអាសន្នមាន៤ពិន្ទុ និងអង់គ្លេសលេខ២ មាន៤ពិន្ទុដែរ ហើយក្រូអាតឈរលេខ៣មាន១ពិន្ទុ និងស្កុតឡេនមាន១ពិន្ទុឈរលេខ៤ ។

សម្រាប់ការប្រកួតនៅរាត្រីនេះមាន៣គូគឺក្រុមហុងគ្រីប៉ះបារាំងម៉ោង៨យប់ , ក្រុម ព័រទុយហ្គាល់ប៉ះអាល្លឺម៉ង់ ម៉ោងង១១យប់, និងក្រុមអេស្ប៉ាញប៉ះប៉ូឡូញម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ៕

ដោយ ៖ ភារៈ


ចែករំលែក៖