ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់ និងមានករណីជាសះស្បើយចំនួន ៧៩នាក់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងកំពង់ចាម ស្រុកកោះសូទិន, ស្រុកស្ទឹងត្រង់, ស្រុកចំការលើ បងប្អូនកម្មករ -កម្មការិនីរោងចក្រនៅស្រុកបាធាយ, ស្រុក កងមាស, ស្រុកជើងព្រៃ, ស្រុកព្រៃឈរ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំង អស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យចំនួន៥៩៨នាក់ ទទួលបានលទ្ធផលតេស្ដរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង៤៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាប់ នៅវិទ្យាល័យ
ព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល និងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៧៩នាក់ (បូកយោង ចំនួន៩៧៧នាក់) អ្នកកំពុងសម្រាកព្យាបាល ចំនួន៥០៣នាក់។ អ្នកជំងឺទាំង៧៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និងបងប្អូន ប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ“៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖