នៅថ្ងៃទី១៨ខែមិថុនា មានករណីផ្ទុះពីរលើកផ្សេងគ្នានៅជិតការិយាល័យនយោបាយគ្រប់គ្រងដោយយោធា ក្នុងទីក្រុង Yangon បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង ៦នាក់រងរបួស។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តចតនៅខាងក្រៅការិយាល័យគណបក្សសាមគ្គី និងអភិវឌ្ឍន៍ USDP ស្ថិតនៅស្រុក Tamwe ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ស្រាប់តែផ្ទុះឡើង ។
គណបក្សUSDP ត្រូវបានចាត់ទុកថាជាគណបក្សនយោបាយតំណាងឲ្យយោធាមីយ៉ាន់ម៉ា ។ តាមរូបភាពដែលបង្ហោះលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា អណ្តាតភ្លើងឆេះរថយន្តពីរគ្រឿង បង្កឲ្យមានផ្សែងខ្មៅគ្របដណ្តប់នៅក្នុងតំបន់ទាំងមូល។ ប៉ុន្មាននាទីក្រោយមករថយន្តតាក់ស៊ីឈប់ស្តុប នៅផ្លូវក្បែរនោះក៏បានផ្ទុះ ផងដែរ។
មន្ត្រីពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ លោក Win Thu បានឲ្យដឹងថា ករណីផ្ទុះខាងលើបណ្តាលឲ្យមានទាហានម្នាក់ស្លាប់ ហើយករណីផ្ទុះលើកទីពីរបណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់។
ក្រៅពីនេះក៏មានទាហាន៥នាក់រងរបួសនិងអ្នកបើកបរតាក់ស៊ីម្នាក់របួសផងដែរ។
រយៈពេលកន្លងមក មានករណីផ្ទុះជាច្រើនលើកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។ អំពើហិង្សាកើនឡើងចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ខ្លួនអ្នកនយោបាយជាច្រើនរូប៕
ដោយ៖ធីរីណា(រូបភាព៖ USDP)