ខេត្តរតនគិរី ៖ យោងតាមប្រភពព័ត៌មានពី អង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរី បានបញ្ជាក់អោយដឹងថា,បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល ២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ វណ្ណា អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី ០៥នាក់។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត។អង្គភាពមន្ទីរព័ត៌មានខេត្តបានបន្តថា, លោកអេង គុណវឌ្ឍ បានអះអាងទៀតថា មនុស្សទាំង៦១នាក់នេះមានការជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ០២នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដែលបានប៉ះពាល់មនុស្សជាច្រើននាក់ផ្សេងទៀត។
លោក អេង គុណវឌ្ឍ បានបន្ដទៀតថា, សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវបានយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងកន្លែងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ យ៉ាងណាចំនួនអ្នកវិជ្ជមានកូវីដ-១៩ ពិតប្រាដក នឹងបង្ហាញអត្តសញ្ញាណនៅពេលបន្ទាប់ទៀត ដោយសារក្រុមការងារកំពុងប្រតិបត្តិការតេស្តរហ័សអ្នកពាក់ព័ន្ធផ្សេងទៀតបន្ថែម។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ ស្ថានភាពទូទៅនៅផ្សារបានលុង ខេត្តរតនគិរី គឺមានសភាពស្ងប់ស្ងាត់ មិនមានមនុស្សចេញចូលដូចសព្វដងនោះទេ ហើយអាជីវករលក់ដូរនៅផ្សារបានលុង ភាគច្រើនបារម្ភពីបញ្ហាឆ្លងកូវីដ-១៩ ក្នុងសហគមន៍នេះ គឺពួកគាត់បានបិទតូបមិនលក់នោះទេ មានតែអាជីវករមួយចំនួនតូចប៉ុណ្ណោះដែលបើកលក់៕
ដោយ៖ សិលា