ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រឡប់ពីដឹកអីវ៉ាន់ឲ្យភ្ញៀវ ត្រូវក្មេងស្ទាវដេញវាយផ្អេីលពេញផ្លូវត្រូវពលរដ្ឋជួយទាន់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានក្មេងស្ទាវមួយក្រុមប្រមាណជាង១០នាក់​ បានជិះម៉ូតូដេញវាយបុរសម្នាក់តាំងពីស្ពានអាកាសស្ទឹងមានជ័យរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ​  និងស្ទាក់វាយដោយខ្សែក្រវ៉ាត់​និងកាំបិត​ បណ្ដាលឲ្យបុរសរងគ្រោះរបួសជាំខ្លួននិងបែកមាត់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយបំបែក​ កាលពីវេលាម៉ោង៧​ និង៤០នាទីយប់​ ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់ចំណុចមុខហាង​ មីហឹរ​ ច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្ដោយវិថីចោមចៅ(វេងស្រេង)​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

      ជនរងគ្រោះមានឈ្មោះ​ ជិន​ សុបញ្ញា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបបដឹកអីវ៉ាន់​ ស្នាក់នៅម្ដុំវត្តពោធិញាណ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ ។ 

    តាមសម្ដីបុរសរងគ្រោះខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុរូបគាត់បានដឹកអីវ៉ាន់ឲ្យភ្ញៀវនៅម្ដុំផ្សារអូឡាំពិក​ រួចក៏ត្រឡប់មកផ្ទះវិញនៅម្ដុំវត្តពោធិញាណ​ ខណៈធ្វេីដំណេីរតាមផ្លូវព្រះមុនីរ៉េត​ មកដល់ស្ពានអាកាសស្ទឹងមានជ័យក៏មានក្មេងស្ទាវ២នាក់បានធាក់ម៉ូតូរបស់គាត់​ ទាំងដែលរូបគាត់គ្មានកំហុសនិងឈ្លោះគ្នាពីមុនមក​ តែគាត់ក៏ធ្វេីដំណេីរមកមុខបន្ថែម​ ។ បន្ទាប់មកទៀតក្មេងស្ទាវទាំងនោះក៏មានបក្ខពួកបន្ថែមប្រមាណជិត១០ម៉ូតូ​ ដេញតាមរូបគាត់ធាក់ផងវាយផង​រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ​ ទេីបពួកគេប្រេីខ្សែក្រវ៉ាត់និងកាំបិតកាប់មកលេីរូបគាត់​ទាំងកំរោល​ សំណាងល្អដែរក្រុមក្មេងស្ទាវទាំងនោះប្រេីខ្នងកាំបិតកាប់ប៉ុណ្ណោះធ្វេីឲ្យរបួសជាំខ្លួន​ និងបែកមាត់តិចតួច​ ។ 

    ក្នុងហេតុការណ៍ខាងលេីនេះបានធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងដល់ប្រជាពលរដ្ឋនិងអ្នកដំណេីរឈប់ឈរមេីលព្រមទាំងជួយស្រែកឃាត់ទេីបក្រុមក្មេងស្ទាវទាំងនោះបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់​ ។ ដោយឡែកជនរងគ្រោះក៏បានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ឲ្យជួយអន្តរាគមន៍ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវទាំងនោះយកមកទទួលទោសតាមច្បាប់ផងដែរ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖