ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តទៅបុកគូទរថយន្តបែនដឹកដីចតស្ងៀមពីក្រោយពេញទំហឹងគាបជាប់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកSUZUKIមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្តបែនដឹកដីដែលចតស្ងៀមតាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យអ្នកបើកគាបជាប់នៅក្នុងកាប៊ីនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចវត្តស្ងួនពេជ្រប្រមាណជិត១០០ម៉ែត្រ ស្តិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកSUZUKIពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BA-9562ក្នុងទិសដៅពីលិចទៅកើតដោយមិនបើកភ្លើងបំភ្លឺផ្លូវឡើយ ខណ:បើកមកដល់ចំណុចកើតហេតុខាងលើ ដោយទីនោះងងឹតផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកគូទរថយន្តបែនដឹកដីមួយគ្រឿង មានក្បាលពណ៌បៃតងបិទឡូហ្គោកងដឹកជញ្ជូន(MG) ពាក់ស្លាកលេខភ្នំពេញ3D-4316 ចតស្ងៀមតាមចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិចពេញទំហឹងបណ្ដាលឲ្យរថយន្តរួញមួយកំណាត់មុខហើយអ្នកបើកបរបានគាបជាប់ស្លាប់នៅក្នុងកាប៊ីនរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖