ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយឪពុកទៅធ្វើការនៅថៃផ្ញើកូននៅជាមួយជីដូនតែត្រូវលង់ទឹកស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រី២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម គ្រាដែលសុំយាយលេងនៅវាលស្រែហើយមកផ្ទះមុនបែរជានាំគ្នាទៅងូតទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់នៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកវាលក្បាលគោ ចម្ងាយ២,៥០០ម៉ែត្រពីភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ 

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសូភី បានឲ្យដឹងថា កុមាររងគ្រោះទាំង០២នាក់ទី១-ឈ្មោះវឿត យ៉ុង អាយុ៧ឆ្នាំភេទស្រីនិងទី២ឈ្មោះ សៅ លីយ៉ាន អាយុ ៦ឆ្នាំភេទស្រីរស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ។  ក្មេងរងគ្រោះទាំង០២នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃទាំងអស់គ្នាដោយទុកកូនឲ្យនៅជាមួយដីដូន ឈ្មោះ អៀន រ៉េត អាយុ៥២ឆ្នាំ នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ មើលថែរក្សា។

មន្ត្រីរូបនោះបញ្ជាក់ថា៖នៅមុនពេលកើតហេតុ មានក្មេងៗចំនួន០៥នាក់ បានទៅតាមឈ្មោះ អៀន រ៉េត ដែលត្រូវជាជីដូនគាត់ទៅមើលស្រែ។ បន្ទាប់មកក្មេង៣នាក់ក្នុងនោះមានក្មេងរងគ្រោះ០២នាក់ផងដែរបានប្រាប់ជីដូនថាសុំមកផ្ទះមុន ជីដូនក៏យល់ព្រម។ លុះពេលដើរមកឆ្ងាយបន្តិចក្មេងរងគ្រោះទាំង០២នាក់បានចុះងូតទឹកប្រឡាយលេងដែលមានជម្រៅប្រហែលជា២ម៉ែត្រចំណែកម្នាក់ទៀតឈរមើលលើគោក ។ពេលឃើញក្មេងស្រីរងគ្រោះទាំង០២នាក់លង់ទឹក ក្មេងម្នាក់ដែលឈរមើលនោះបានរត់ទៅហៅជីដូននៅឯស្រែ ហើយពេលជីដូនមកដល់ចុះស្រង់យកក្មេងទាំង០២នាក់នេះឃើញបាត់បង់ជីវិតទៅហើយ។

ដោយមិនអស់ចិត្តក្មេងទាំង០២នាក់នោះខ្លាចមិនទាន់ស្លាប់ ក៏បាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអូរជ្រៅ តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ក្មេងទាំង០២នាក់បានបាត់បង់ជីវិតទៅហើយ ក៏ដឹកសពយកមករៀបចំធ្វើបុណ្យតាមប្រពៃ​ណីនៅឯភូមិតែម្ដង៕

 

ដោយ ៖ វណ្ណា

 


ចែករំលែក៖